ជំពូក២ ឯកសណ្ឋានភាពនៃភាវរស់

មេរៀនទី១ កោសិកា

គ្រប់ភាវរស់សុទ្ធតែបង្កឡើងពីកោសិកា។ កោសិកាជាឯកតាបង្កគ្រឹះនៃរូបផ្គុំនិងនាទីរបស់សារពាង្គកាយ។ កោសិកា កើតពីកោសិកាមានស្រាប់តាមរយៈការធ្វើចំណែក។

១.ទំហំនិងរូបផ្គុំកោសិកា

១.១-ទំហំកោសិកា

កោសិកាមានទំហំខុសៗគ្នា ខ្លះធំ ខ្លះតូច ខ្លះអាចមើលឃើញដោយភ្នែកទទេ ខ្លះមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។ ឧទាហរណ៍ៈ ស្ពែម៉ាតូសូអ៊ីតរបស់មនុស្សមានប្រវែងប្រហែល ០.០៥មីលីម៉ែត្រ ឯអូវុលរបស់មនុស្សស្រីមានអង្គត់ផ្ចិតប្រហែល ១២០មីក្រូម៉ែត្រ។ ចំណែកគោលិកាក្រហមពេញវ័យមានអង្កត់ផ្ចិតពី៧ទៅ៨មីក្រូម៉ែត្រ។

១.២-រូបផ្គុំកោសិកា

កោសិកានីមួយៗមានបីផ្នែកគឺភ្នាសស៊ីតូប្លាស ស៊ីតូប្លាស និងសម្ភារៈតំណពូជ។​ភ្នាសស៊ីតូប្លាស ស្ថិតនៅរុំព័ទ្ធជុំវិញស៊ីតូប្លាសនៃកោសិកា។ ភ្នាសនេះខណ្ឌចែករវាងសមាសធាតុក្នុងកោសិកានិងមជ្ឈដ្ឋានខាងក្រៅកោសិកា ហើយត្រួតពិត្យសារធាតុដែលត្រូវចេញនិងចូលទៅក្នុងកោសិកា។ ស៊ីតូប្លាស ជាធាតុខាប់អន្ធឹល រុំព័ទ្ធដោយភ្នាសស៊ីតូប្លាស។ វាជាកន្លែងដាក់តាំងនូវធាតុកោសិកា។ ធាតុកោសិកា ជាធាតុតូចៗដែលមាននាទីជាក់លាក់ក្នុងសកម្មភាពមេតាបូលីសរបស់កោសិកា។ ធាតុកោសិការបស់អឺការីយ៉ូតរួមមានរេទីគុយឡូមអង់ដូប្លាស ប្រដាប់កុលស៊ី មីតូកុងឌ្រី សង់ត្រូសូម វ៉ាគុយអូល លីសូសូម ក្លរ៉ូប្លាស(ចំពោះកោសិការុក្ខជាតិ) និងធាតុកោសិកាផ្សេងទៀត។

២-រូបរាងផ្សេងៗរបស់កោសិកា

កោសិកាមានរូបរាងផ្សេងៗគ្នាតម្រូវទៅតាមនាទីរបស់វាក្នុងសារពាង្គកាយ។ ណឺរ៉ូន ជាកោសិកាប្រសាទ មានរាងដូចផ្កាយ និងមាននាទីដឹកនាំអាំងភ្លុចប្រសាទ។ គោលិកាក្រហមពញវ័យ មានរាងដូចកូនថាសផងសងខាង មាននាទីដឹកនាំដឹកនាំឧស្ម័នដង្ហើម សារធាតុចិញ្ចឹម និងសំណល់ផ្សេងៗរបស់កោសិកា។ មេរៀនទី២ ប្រូការីយ៉ូត​និងអឺការីយ៉ូត