មេរៀនទី២ ប្រូការីយ៉ូតនិងអឺការីយ៉ូត
១-ប្រូការីយ៉ូត
រូបផ្គុំកោសិកាប្រូការីយ៉ូត(បាក់តេរី) |
- សារពាង្គកាយឯកកោសិកាងាយ គ្មានណ្វៃយ៉ូពិតប្រាកដ
- សម្ភារៈតំណពូជមិនរុំព័ទ្ធដោយភ្នាសណ្វៃយ៉ូ
- មានទំហំតូច(១ទៅ១០មីក្រូម៉ែត្រ)
- បន្តពូជដោយឥតភេទតាមការចែកខ្លួនជាពីរ និងខ្លះបន្តពូជដោយភេទតាមជំនាប់ប្តូរ
- សារពាង្គកាយមានកំណើតដំបូងគេ
- មានរូបរាងបីបែបគឺកុកស៊ី បាស៊ី និងស្ពៀរីឡូម
- រូបផ្គុំសារពាង្គកាយមាន ភ្នាសគ្រោង ភ្នាសស៊ីតូប្លាស ស៊ីតូប្លាស រីបូសូម និងសម្ភារៈតំណពូជ។ ក្រៅពីនេះ ខ្លះមានកន្សោមឬកាប់ស៊ុលជាភ្នាសជាតិស្ករស្រោបពីក្រៅភ្នាសគ្រោងសម្រាប់ការពារ ខ្លះមានផ្លាសែលសម្រាប់ផ្លាស់ទី និងខ្លះមានប្លាស្មីត ជាសម្ភារៈតំណពូជរាងជារង្វង់តូចមួយក្នុងស៊ីតូប្លាស ក្បែរភ្នាសស៊ីតូប្លាស។ ឯខ្លះទៀតមានស្ពានចម្លង(ភីលី) សម្រាប់ភ្ជាប់គ្នាដើម្បីរស់នៅជាមួយគ្នានិងដើម្បីបន្តពូជដោយជំនាប់ប្តូរ។
- រួមមានបាក់តេរី
២-អឺការីយ៉ូត
រូបផ្គុំកោសិកាអឺការីយ៉ូត(កោសិកាសត្វ) |
- សារពាង្គកាយឯកកោសិកាឬពហុកោសិកាមានណ្វៃយ៉ូពិតប្រាកដ
- ណ្វៃយ៉ូនិងធាតុកោសិកាជាច្រើនស្ថិតនៅរុំព័ទ្ធដោយភ្នាស
- មានទំហំធំ
- វិវត្តពីប្រូការីយ៉ូត
- រូបផ្គុំកោសិកាមាន ភ្នាសស៊ីតូប្លាស (ចំពោះរុក្ខជាតិ ផ្សិត ប្រូទីស មានភ្នាសគ្រោងរុំព័ទ្ធភ្នាសកោសិការបស់វា) ស៊ីតូប្លាស វ៉ាគុយអូល រីបូសូម ក្លរ៉ូប្លាស(រុក្ខជាតិ) មីតូកុងឌ្រី ប្រដាប់កុលស៊ី រេទីគុយឡូមអង់ដូប្លាស...
- មានដូចជា ប្រូទីស ផ្សិត រុក្ខជាតិ និងសត្វ