ជំពូក៥ ជីវវិទ្យាក្នុងវិស័យកសិកម្ម

មេរៀនទី១ ជី

ជី ជាប្រភពនៃសារធាតុចិញ្ចឹម ឬអាហារបម្រុងសំខាន់របស់រុក្ខជាតិ។ ជីមានពីរប្រភេទគឺ ជីគីមី និងជីធម្មជាតិ។ ជីគីមីផលិតឡើងពីរ៉ែថ្មនិងសារធាតុគីមីផ្សេងៗដូចជា ជីអ៊ុយរ៉េ ជីផូស្វាត ជីប៉ូតាស្យូម...។ ជីធម្មជាតិ ជាជីដែលផលិតឡើងពីវត្ថុនានាដែលមានជីវិតដូចជារុក្ខជាតិ សត្វ និងកម្ទេចកំទីដែលសេសសល់ពីរុក្ខជាតិ និងសត្វដូចជា ជីលាមកសត្វ ជីកំប៉ុស្ត ជីស្រស់ ជីអាចម៍ជន្លេន ជីកំប៉ុស្តទឹកជាដើម។

ជីកំប៉ុស្តគោកនិងកំប៉ុស្តទឹក
ជីកំប៉ុស្តគោកនិងកំប៉ុស្តទឹក

ជីគីមី ធ្វើឱ្យដំណាំលូតលាស់បានរហ័ស ប៉ុន្តែ ការប្រើប្រាស់វាយូរឆ្នាំអាចបណ្ដាលឱ្យខូចគុណភាពដី ហើយដំណាំទទួលបានទិន្នផលទាប។ ចំណែកជីធម្មជាតិ បង្កើនសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ដីសម្រាប់ការលូតលាស់របស់រុក្ខជាតិ។ ការប្រើប្រាស់វាយូរឆ្នាំ ជួយបង្កើនគុណភាពដីឱ្យកាន់តែប្រសើរឡើង ហើយដំណាំទទួលបានទិន្នផលខ្ពស់។