ជំពូក១ នានាភាពនៃភាវៈរស់
មេរៀនទី២ វីរុសនិងបាក់តេរី
១-ពន្យល់ពាក្យ មីក្រូសារពាង្គកាយ និងរកឧទាហរណ៍។
មីក្រូសារពាង្គកាយ ជាសារពាង្គកាយតូចល្អិតដែលអាចមើលឃើញដោយមីក្រូទស្សន៍។ មីក្រូសារពាង្គកាយមានដូចជា បាក់តេរី ប្រូទីសខ្លះ និងផ្សិតមួយចំនួន។២-វីរុសជាអ្វី? តើផ្នែកសំខាន់ៗពីរនៃរូបផ្គុំវីរុសគឺអ្វីខ្លះ?
វីរុស ជាភាវៈដែលស្ថិតនៅចន្លោះភាវៈមានជីវិតនិងភាវៈគ្មានជីវិត។ ផ្នែកសំខាន់ពីរនៃរូបផ្គុំវីរុសគឺ៖- ស្រោមខាងក្រៅជា ប្រូតេអ៊ីន សម្រាប់ការពារ
- ស្នូលក្នុងជា សម្ភារៈតំណពូជ សម្រាប់បង្កើតវីរុសថ្មីៗ។
៣-ចូររៀបរាប់ពីរបៀបបន្តពូជរបស់វីរុស។
ដំបូងវីរុសភ្ជាប់ខ្លួនទៅនឹងភ្នាសកោសិកាធ្មួលដែលត្រូវនឹងវា រួចបញ្ចូលសម្ភារៈតំណពូជទៅក្នុងកោសិកាធ្មួល។ បន្ទាប់មក វាចាប់ផ្ដើមសំយោគសម្ភារៈតំណពូជនិងប្រូតេអ៊ីនថ្មីៗជាច្រើននៅក្នុងកោសិកាធ្មួល រួចផ្គុំសម្ភារៈតំណពូជនិងប្រូតេអ៊ីនទាំងនេះទៅជាវីរុសថ្មីៗជាច្រើននៅពេញក្នុងកោសិកាធ្មួល ធ្វើឱ្យកោសិកាធ្មួលផ្ទុះបែក បញ្ចេញវីរុសជាច្រើនឆ្លងទៅបំផ្លាញកោសិកាធ្មួលថ្មីៗទៀតជាបន្តបន្ទាប់។៤-ចូរប្រាប់ឈ្មោះជំងឺមួយចំនួនដែលបណ្ដាលមកពីវីរុស។
ជំងឺអេដស៍ ជំងឺសិរមាន់ ជំងឺផ្ដាសាយ ជំងឺរលាកថ្លើម ជំងឺគ្រុនស្វិតដៃជើង ជំងឺកញ្ជ្រឹល ជំងឺរលាកផ្លូវដង្ហើម...។៥-តើវីរុសអាចមានប្រយោជន៍ដែរឬទេ? ចូរបញ្ជាក់អំណះអំណាង។
៦-តើវីរុសអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរបៀបណាខ្លះ?
- ចរន្តខ្យល់និងទឹកមាត់
- ចំណីអាហារ និងទឹកមិនស្អាត
- ការប៉ះពាល់
- សត្វ(ដូចជាសត្វចិញ្ចឹម)
- វត្ថុមិនស្អាត
- ឈាមឬធាតុរាវចេញពីសារពាង្គកាយ (ដូចជា ទឹកកាម ទឹករងៃ ឈាម)
- ពីម្ដាយទៅកូន
- ការប្រើម្ជុរ សឺរ៉ាំង ឬវត្ថុទម្លុះស្បែករួមគ្នា
- ការរួមភេទ។
៧-តើបាក់តេរីជាអ្វី? តើរូបរាងបីបែបសំខាន់របស់បាក់តេរីគឺអ្វីខ្លះ?
បាក់តេរី ជាសារពាង្គកាយឯកកោសិកាប្រូការីយ៉ូត ដែលខ្លះមានប្រយោជន៍ ខ្លះចង្រៃ។ រូបរាងបីបែបរបស់បាក់តេរីគឺ៖- កុកស៊ី រាងស្វ៊ែ
- បាស៊ី រាងដំបង
- ស្ពៀរីឡូម រាងស្ពៀ
៨-ចូរនិយាយដោយសង្ខេបពីរូបផ្គុំរបស់បាក់តេរី។
បាក់តេរីនីមួយៗផ្គុំឡើងពីផ្នែកសំខាន់ៗដូចជា ភ្នាសគ្រោង ភ្នាសស៊ីតូប្លាស ស៊ីតូប្លាស រីបូសូម និងសម្ភារៈតំណពូជស្ថិតនៅជារង្វេលកណ្ដាលស៊ីតូប្លាសរបស់វា។ ក្រៅពីនេះ បាក់តេរីខ្លះមានផ្លាសែលសម្រាប់ផ្លាស់ទី ខ្លះមានកន្សោម(កាប់ស៊ុល) សម្រាប់ស្រោបនិងការពារបាក់តេរីទប់ទល់នឹងលក្ខខណ្ឌមិនសមប្រកប ខ្លះមានស្ពានចម្លង(ភីលី) សម្រាប់ភ្ជាប់គ្នាពេលបន្តពូជដោយជំនាប់ប្តូរ ខ្លះក៏មានភីមប៊្រី ជាសរសៃឆ្មារៗចេញពីភ្នាសស៊ីតូប្លាសរបស់វា សម្រាប់ភ្ជាប់គ្នាដើម្បីរស់នៅជាក្រុម(កូឡូនី) ឬភ្ជាប់ទៅនឹងទម្ររបស់វា និងខ្លះទៀត មានប្លាស្មីត ជាសម្ភារៈតំណពូជរាងជារង្វង់តូចមួយក្នុងស៊ីតូប្លាស សម្រាប់ការបន្តពូជដោយជំនាប់ប្តូរ។៩-តើបាក់តេរីចិញ្ចឹមជីវិតដូចម្ដេច?
បាក់តេរីមួយចំនួនជាស្វ័យជីព អាស្រ័យអាហារដែលវាផលិតដោយខ្លួនឯង និងខ្លះចិញ្ចឹមជីវិតតាមរបៀបជាបរជីពមានសាប្រូភីត អាស្រ័យអាហារបានពីការបំបែកសារធាតុពុករលួយនៃសាកសពសត្វ សំណល់រុក្ខជាតិ និងសំណល់សរីរាង្គផ្សេងៗទៀត និងជាបរាសិត ដោយពឹងអាហារបានពីធ្មួល។
១០-ប្រៀបធៀបការបន្តពូជដោយភេទ និងដោយឥតភេទរបស់បាក់តេរី។
- តាមរយៈជំនាប់ប្តូរ
- ដំបូង បាក់តេរីពីរភ្ជាប៉គ្នាដោយស្ពានចម្លង
- បន្ទាប់មក បាក់តេរីមេមួយដំឡើងទ្វេសម្ភារៈតំណពូជ រួចផ្ទេរសម្ភារៈតំណពូជខ្លះទៅឱ្យបាក់តេរីមួយទៀតតាមស្ពានចម្លង
- បាក់តេរីអ្នកទទួលមានបន្សំសម្ភារៈតំណពូជថ្មីខុសពីមេបា
- ការបន្តពូជរបៀបនេះ មិនបង្កើនចំនួនបាក់តេរីទេ។
- ដោយការចែកខ្លួនជាពីរ
- ដំបូង បាក់តេរីមេមួយដំឡើងទ្វេសម្ភារៈតំណពូជ រួចចែកសម្ភារៈតំណពូជជាពីរ
- បន្ទាប់មក វាធ្វើចំណែកស៊ីតូប្លាស បង្កើតបានបាក់តេរីកូនពីរដូចគ្នាបេះបិទ ហើយដូចនឹងបាក់តេរីមេ
- ការបន្តពូជរបៀបនេះ បង្កើនចំនួនបាក់តេរី។
១១-ហេតុអ្វីបានជាគេថា បាក់តេរីជាសារពាង្គកាយឯកកោសិកា ប្រូការីយ៉ូត?
បាក់តេរី ជាឯកកោសិកាប្រូការីយ៉ូត ពីព្រោះ សារពាង្គកាយបាក់តេរីបង្កឡើងពីកោសិកាតែមួយ ហើយកោសិការបស់វាពុំមានណ្វៃយ៉ូពិតប្រាកដនោះទេ គឺគ្មានភ្នាសណ្វៃយ៉ូនៅរុំព័ទ្ធសម្ភារៈតំណពូជរបស់វា។១២-ចូររៀបរាប់ពីបាក់តេរីមានប្រយោជន៍និងបាក់តេរីចង្រៃ។
+បាក់តេរីមានប្រយោជន៍៖- ផ្នែកឧស្សាហកម្មផលិតអាហារដូចជា ការធ្វើទឹកដោះគោជូរ ប៊័រ ទឹកខ្មេះ ប្រូម៉ាស...
- ផ្នែកវេជ្ជសាស្ត្រ ផលិតបានអង់ទីប្យូទិចស្ត្រិបតូមីស៊ីន អេរីត្រូមីស៊ីន...
- បាក់តេរីស្វ័យជីពផលិតអាហារ ស្រូបយកឧស្ម័នកាបូនិច ហើយបញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាសដែលជួយឱ្យខ្យល់អាកាសបរិសុទ្ធ
- ជួយបំបែកកាកសំណល់អាហារក្នុងពោះវៀនមនុស្ស
- បាក់តេរីភ្ជាប់អាសូតមានក្នុងកំពកឫសដើមសណ្ដែក
១៣-ប្រាប់ឈ្មោះជំងឺមួយចំនួនដែលបណ្ដាលមកពីបាក់តេរី។
ជំងឺរបេង ជំងឺតេតាណូស ជំងឺក្អកមាន់ ជំងឺប្រមេះ ជំងឺស្វាយ ជំងឺសង់មូ...។