ជំពូក៤ ជីវវិទ្យាអំពីមនុស្ស

មេរៀនទី១ ប្រព័ន្ធគ្រោងឆ្អឹង

១-ឆ្អឹងជាអ្វី?

ប្រព័ន្ធគ្រោងឆ្អឹង កើតឡើងពីបណ្ដុំឆ្អឹង និងឆ្អឹងខ្ចីទាំងអស់របស់សារពាង្គកាយ។ ប្រព័ន្ធគ្រោងឆ្អឹងមនុស្សមាននាទី៖
  • ទ្រទ្រង់ៈ ឆ្អឹងកំណត់រូបរាងនិងទ្រទ្រង់រាងកាយ
  • ការពារៈ ឆ្អឹងការពារសរីរាង្គនិងជាលិកាខាងក្នុង ឧទាហរណ៍ៈ ប្រអប់ទ្រូងការពារសួតនិងបេះដូង ឆ្អឹងលលាដ៍ក្បាល ការពារសំណុំខួរក្បាល។
  • នាទីក្នុងចលនាៈ ឆ្អឹងធ្វើការជាមួយសាច់ដុំដើម្បីឱ្យសារពាង្គកាយមានចលនា និងការទប់លំនឹង
  • ផលិតកោសិកាឈាមៈ ខួរឆ្អឹងជាមជ្ឈមណ្ឌលផលិតកោសិកាឈាម។ ខួរឆ្អឹងក្រហមក្នុងឆ្អឹងស្ពោតជាកន្លែងផលិតកោសិកាឈាមយ៉ាងសំខាន់។ ខួរលឿងផ្ទុកខ្លាញ់ ហើយក្នុងករណីបាត់បង់ឈាមច្រើន វាអាចបំប្លែងជាខួរក្រហមដើម្បីជួយផលិតកោសិកាឈាម។
  • នាទីស្តុកទុកសារធាតុខនិជ ពិសេស កាល់ស្យូម និងផូស្វ័រ ដែលជួយឱ្យឆ្អឹងរឹងមាំ ព្រមទាំង សារធាតុផ្សេងៗទៀតសម្រាប់ផ្ដល់ឱ្យសារពាង្គកាយនៅពេលត្រូវការ។
ប្រព័ន្ធគ្រោងឆ្អឹងរបស់មនុស្ស ចែកចេញជាពីរផ្នែក រួមមាន គ្រោងឆ្អឹងអ័ក្ស និងគ្រោងឆ្អឹងបរិសិដ្ឋឬគ្រោងឆ្អឹងបន្តោង។ មនុស្សពេញវ័យ មានឆ្អឹងចំនួន ២០៦​ ។

២-សន្លាក់

សន្លាក់ជង្គង់និងសន្លាក់លលាដ៍ក្បាល
សន្លាក់ជង្គង់និងសន្លាក់លលាដ៍ក្បាល
សន្លាក់ ជាកន្លែងតភ្ជាប់គ្នារវាងឆ្អឹងនិងឆ្អឹង ឆ្អឹងនិងឆ្អឹងខ្ចី ឬឆ្អឹងនិងធ្មេញ។ សន្លាក់មានពីរប្រភេទ រួមមាន សន្លាក់ចល័ត និងសន្លាក់អចល័ត។ សន្លាក់ចល័តអាចឱ្យឆ្អឹងមានចលនា។ ឧទាហរណ៍ៈ សន្លាក់ម្រាម សន្លាក់កដៃ សន្លាក់ស្មា សន្លាក់ជង្គង់ សន្លាក់ត្រគាក និងសន្លាក់កជើងជាដើម។ សន្លាក់អចល័ត ធ្វើឱ្យឆ្អឹងគ្មានចលនា ឬអាចមានចលនាបានក្នុងកម្រិតតិចតួចបំផុត។ ក្នុងសន្លាក់បែបនេះ ឆ្អឹងពីរភ្ជាប់គ្នាក្នុងប្រអប់សន្លាក់ឬភ្ជាប់គ្នាដោយសារឆ្អឹងខ្ចី។ ឧទាហរណ៍ៈ សន្លាក់ឆ្អឹងលលាដ៍ក្បាល សន្លាក់រវាងធ្មេញនិងឆ្អឹងថ្គាម សន្លាក់រវាងឆ្អឹងតូចកំភួនជើងនិងឆ្អឹងធំកំភួនជើង។

សន្លាក់ចល័ត
សន្លាក់ចល័ត

៣-ឆ្អឹងមាំហើយមានជីវិត

ឆ្អឹងបង្កឡើងពីកោសិកាឆ្អឹង និងជាលិកាឆ្អឹងហើយមានសរសៃឈាមសម្រាប់ផ្គត់ផ្គង់ដើម្បីឱ្យឆ្អឹងលូតលាស់។ ឆ្អឹងបង្កឡើងដោយសារធាតុសំខាន់ពីរគឺ (១) សារធាតុខនិជ ពិសេស កាល់ស្យូមផូស្វាតនិងកាល់ស្យូមកាបូណាតដែលជួយឱ្យឆ្អឹងរឹងមាំ និង(២) ប្រូតេអ៊ីន ជាសារធាតុសរីរាង្គធ្វើឱ្យឆ្អឹងមានលក្ខណៈយឺត។

៤-តំហែរក្សាឆ្អឹង

ការបរិភោគអាហារបានត្រឹមត្រូវនិងការហាត់ប្រាណជួយឱ្យឆ្អឹងមានសុខភាពល្អ។ ចំណីអាហារផ្ទុកកាល់ស្យូមនិងផូស្វ័រគ្រប់គ្រាន់ ជួយឱ្យឆ្អឹងមានសភាពរឹងមាំ។ វីតាមីន A និង​ D ជួយឱ្យសារពាង្គកាយស្រូបកាល់ស្យូមនិងផូស្វ័របានប្រសើរពីប្រដាប់រំលាយអាហារ។​ ចំណែក លំហាត់ប្រាណបានត្រឹមត្រូវនិងទៀងទាត់ជួយធ្វើឱ្យឆ្អឹងលូតលាស់ហើយកាន់តែរឹងមាំនិងហាប់។​

ចុចមើល សំណួរ-ចម្លើយ