មេរៀនទី២ ដង្ហើមកោសិកា

ដំណើរការដែលកោសិកាទទួលបានថាមពលពីការបំបែកគ្លុយកូសហៅថា ដង្ហើមកោសិកា។ ដង្ហើមកោសិកាត្រូវការអុកស៊ីសែនដែលបានពីបរិយាកាស និងគ្លុយកូសបានពីអាហារ។

២-ដំណាក់កាលទាំងពីរនៃដង្ហើមកោសិកា

ដង្ហើមកោសិកាមានពីរដំណាក់កាលសំខាន់ៗ។ ដំណាក់កាលទី១ កើតមាននៅក្នុងស៊ីតូប្លាសនៃកោសិកា។ ក្នុងដំណាក់កាលនេះ គ្លុយកូស ត្រូវបានបំបែកបន្តិចបន្តួចទៅជាម៉ូលេគុលតូចៗ(ពីរុយវ៉ាត)​ដោយពុំប្រើប្រាស់អុកស៊ីសែន ហើយបញ្ចេញបរិមាណថាមពលតិចតួច។ ដំណាក់កាលទី២ ប្រព្រឹត្តទៅនៅក្នុងមីតូកុងឌ្រីនៃកោសិកា។ ក្នុងដំណាក់កាលនេះ ម៉ូលេគុលគ្លុយកូសតូចៗ(ពីរុយវ៉ាត) ត្រូវបានបំបែកបន្តទៀតដោយប្រើប្រាស់អុកស៊ីសែន ហើយបង្កើតបាន ឧស្ម័នកាបូនិក និងទឹក ព្រមទាំងបញ្ចេញបរិមាណថាមពលយ៉ាងច្រើន។

៣-ប្រៀបធៀបរស្មីសំយោគនិងដង្ហើមកោសិកា

លក្ខណៈពិសេស រស្មីសំយោគ ដង្ហើមកោសិកា
  ទីតាំង   ក្លរ៉ូប្លាស       ស៊ីតូប្លាស និងមីតូកុងឌ្រី
  រូបធាតុដើម   ទឹក និង ឧស្ម័នកាបូនិក       គ្លុយកូស និងអុកស៊ីសែន
  ផលិតផល   គ្លុយយកូស និងអុកស៊ីសែន       ទឹក ឧស្ម័នកាបូនិក និងថាមពល(ATP)
  ថាមពល   ស្រូបថាមពល       បញ្ចេញថាមពល

ទំនាក់ទំនងរវាងរស្មីសំយោគនិងដង្ហើមកោសិកា
ទំនាក់ទំនងរវាងរស្មីសំយោគនិងដង្ហើមកោសិកា

ក្នុងដំណើររស្មីសំយោគ ឧស្ម័នកាបូនិក(CO₂) និងទឹក(H₂O) ត្រូវបានប្រើជារូបធាតុដើមសម្រាប់ផលិតគ្លុយកូស(C₆H₁₂O₆) និងអុកស៊ីសែន(O₂)។ ក្នុងដង្ហើមកោសិកា គ្លុយកូស និងអុកស៊ីសែន ត្រូវបានប្រើជារូបធាតុដើមសម្រាប់ផលិតឧស្ម័នកាបូនិក(CO₂) និងទឹក(H₂O) ហើយបញ្ចេញបរិមាណថាមពលសម្រាប់ប្រើប្រាស់ដោយកោសិកា។ បន្ទាប់មក ឧស្ម័នកាបូនិក(CO₂) និងទឹក(H₂O) ត្រូវបានប្រើប្រាស់ជាថ្មីក្នុងដំណើររស្មីសំយោគ។ ដូចនេះ ដំណើររស្មីសំយោគ និងដង្ហើមកោសិកា ជាដំណើរពីរផ្ទុយគ្នាតែអាស្រ័យគ្នាទៅវិញទៅមក។ ​ដំណើរទាំងពីរនេះ រួមគ្នាបង្កើតបានជាវដ្ដមួយដែលរក្សាស្ថេរភាពនៃកម្រិតឧស្ម័នអុកស៊ីសែន និងឧស្ម័នកាបូនិកក្នុងបរិយាកាសផែនដី។ 

ល្បើង

ដំណើរការដែលកោសិកាបំបែកស្ករដើម្បីទទួលបានថាមពលដោយពុំត្រូវការអុកស៊ីសែន ហៅថា ល្បើង។ ល្បើងមានពីរប្រភេទគឺ ល្បើងអាស៊ីតឡាក់ទិក និងល្បើងអាល់កុល។ ល្បើងទាំងពីរនេះ ប្រព្រឹត្តទៅក្នុងស៊ីតូប្លាស ដោយពុំប្រើប្រាស់អុកស៊ីសែន ហើយបញ្ចេញបរិមាណថាមពលតិចតួស ព្រមទាំង ពុំផលិតទឹកឡើយ។
  • ល្បើងអាស៊ីតឡាក់ទិក មានផលិតផលជាអាស៊ីតឡាក់ទិក និងថាមពលតិចតួចដោយពុំមានបំភាយឧស្ម័នកាបូនិក។ ដំណើរការដែលអាហារក្លាយជាផ្អូមកើតឡើងដោយល្បើងអាស៊ីតឡាក់ទិក។ ប៉ុន្តែ ល្បើងនេះត្រូវបានគេយកមកប្រើក្នុងការផលិតទឹកដោះគោជូរ ប្រូម៉ាស ជ្រក់ និងអាហារផ្សេងៗទៀត។ ល្បើងចំពោះសារពាង្គកាយមនុស្សក៏កើតមានល្បើងអាស៊ីតឡាក់ទិកដែរ គឺវាកើតឡើងក្នុងកោសិកាសាច់ដុំនៅពេលសាច់ដុំខ្វះអុកស៊ីសែន។ ដោយសារដំណើរនេះបង្កើតអាស៊ីតឡាក់ទិក ដូច្នេះ ពេលល្បើងនេះកើតឡើងក្នុងសាច់ដុំ ធ្វើឱ្យយើងមានអារម្មណ៍ថាឈឺចុកចាប់ក្នុងសាច់ដុំ សាច់ដុំហត់នឿយ និងចុះខ្សោយ ហើយអាចឱ្យស្លាប់ប្រសិនបើកោសិកានៅតែខ្វះអុកស៊ីសែនរយៈពេលយូរ។
  • ល្បើងអាល់កុល ផលិតបានអាល់កុល ឧស្ម័នកាបូនិក និងថាមពលតិចតួច។ ល្បើងនេះ កើតឡើងនៅក្នុងកោសិកាផ្សិត និងបាក់តេរីជាច្រើន ហើយត្រូវបានគេយកទៅប្រើក្នុងឧស្សាហកម្មផលិតស្រា ស្រាបៀរ និងនំប៉័ង។

ចុចមើល សំណួរ-ចម្លើយ