ជំពូក៣

មេរៀនទី២ ដង្ហើមកោសិកា

១-ដូចម្ដេចដែលហៅថា ដង្ហើមកោសិកា?
ដង្ហើមកោសិកា ជាដំណើរការដែលកោសិកានៃសារពាង្គកាយត្រូវការខ្យល់ទទួលបានថាមពលពីការបំបែកគ្លុយកូស។
២-ដំណកដង្ហើម និងដំណើរដង្ហើមដូចគ្នាដែរឬទេ? ចូរពន្យល់។
ដំណកដង្ហើម មិនដំណើរដង្ហើមមិនដូចគ្នាទេ។ ដំណកដង្ហើមជាការស្រូបយកអុកស៊ីសែនចូលក្នុងសួត ហើយបញ្ចេញឧស្ម័នកាបូនិកពីសួតវិញ។ លំនាំនេះប្រព្រឹត្តទៅនៅក្រៅកោសិកា។ ចំណែកដំណើរដង្ហើម សំដៅដល់ដង្ហើមដែលកើតនៅក្នុងកោសិកា ហៅថា ដង្ហើមកោសិកា ដោយកោសិកាប្រើប្រាស់អុកស៊ីសែនដើម្បីបញ្ចេញថាមពលពីម៉ូលេគុលគ្លុយកូស។
៣-តើដង្ហើមកោសិកាកើតមាននៅកន្លែងណា?
ដង្ហើមកោសិកាកើតមាននៅក្នុងស៊ីតូប្លាសនិងមីតូកុងឌ្រីនៃកោសិការបស់សារពាង្គកាយ។
៤-ចូរពណ៌នាពីដំណាក់កាលទី១ និងទី២ នៃដង្ហើមកោសិកា។
+ដំណាក់កាលទី១ កើតឡើងនៅក្នុងស៊ីតូប្លាសនៃកោសិកា។ ក្នុងដំណាក់កាលនេះ គ្លុយកូសត្រូវបានបំបែកតិចតួចទៅជាម៉ូលេគុលគ្លុយកូសតូចៗ(ពីរុយវ៉ាត)ដោយពុំប្រើអុកស៊ីសែន ហើយបញ្ចេញថាមពលតិចតួច។
+ដំណាក់កាលទី២ កើតមាននៅក្នុងមីតូកុងឌ្រីនៃកោសិកា។ ម៉ូលេគុលគ្លុយកូសតូចៗ(ពីរុយវ៉ាត)ត្រូវបានបំបែកបន្តទៀតដោយប្រើប្រាស់អុកស៊ីសែន បង្កើតបានកាបូនឌីអុកស៊ីដ និងទឹក ហើយបញ្ចេញបរិមាណថាមពល​(ATP)យ៉ាងច្រើន។
៥-ចូរសរសេរសមីការដង្ហើម។
៦-ចូរបៀបធៀបសមីការដង្ហើមនិងរស្មីសំយោគ។
+សមីការដង្ហើម
+សមីការរស្មីសំយោគ
យើងឃើញថា​CO2​និងទឹក ត្រូវបានប្រើប្រាស់ក្នុងដំណើររស្មីសំយោគដើម្បីផលិតស្ករនិងអុកស៊ីសែន។ ក្នុងដង្ហើមកោសិកា ស្ករនិងអុកស៊ីសែនជារូបធាតុដើមសម្រាប់ផលិតថាមពល ឧស្ម័នកាបូនិក និងទឹក។ ដូចនេះ រស្មីសំយោគនិងដង្ហើមកោសិកា ជាដំណើរពីរមានលក្ខណៈផ្ទុយគ្នាតែអាស្រ័យគ្នា ហើយដំណើរទាំងពីរនេះរួមគ្នាបង្កើតជាវដ្ដមួយដែលរក្សាបាននូវស្ថេរភាពបរិមាណឧស្ម័នកាបូនិកនិងអុកស៊ីសែនក្នុងបរិយាកាស។
៧-តើដំណើរការដែលកោសិកាទទួលបានថាមពលដោយមិនប្រើប្រាស់អុកស៊ីសែនជាអ្វី?
ល្បើង
៨-តើរស្មីសំយោគនិងដង្ហើមកោសិកាមានទំនាក់ទំនងគ្នាដូច្ដេច?
​រស្មីសំយោគនិងដង្ហើមកោសិកា ជាដំណើរពីរមានលក្ខណៈផ្ទុយគ្នាតែអាស្រ័យគ្នា ទៅវិញទៅមក។ ដំណើររស្មីសំយោគ ស្រូបយកថាមពលពន្លឺពីព្រះអាទិត្យ ហើយប្រើប្រាស់ CO2​និងទឹក សម្រាប់ជារូបធាតុដើម្បីផលិតគ្លុយកូស​ និងអុកស៊ីសែន។ ក្នុងដង្ហើមកោសិកា គ្លុយកូស និងអុកស៊ីសែនជារូបធាតុដើមសម្រាប់ផលិតថាមពលដោយបញ្ចេញឧស្ម័នកាបូនិក និងទឹក។ បន្ទាប់មក CO2​និងទឹក ត្រូវបានប្រើប្រាស់ជាថ្មីដោយដំណើររស្មីសំយោគ។ ដូចនេះ ដំណើរទាំងពីរនេះ រួមគ្នាបង្កើតជាវដ្ដមួយដែលរក្សាបាននូវស្ថេរភាពបរិមាណឧស្ម័នកាបូនិកនិងអុកស៊ីសែនក្នុងបរិយាកាសផែនដី។
៩-ដូចម្ដេចហៅថា ល្បើង? តើល្បើងមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ល្បើង ជាដំណើរការដែលកោសិកាទទួលបានថាមពលពីម៉ូលេគុលគ្លុយកូសដោយពុំត្រូវការអុកស៊ីសែន។ ល្បើងមានពីរប្រភេទគឺល្បើងអាល់កុល និងល្បើងអាស៊ីតឡាក់ទិក។
១០-ប្រៀបធៀបល្បើងអាល់កុលនិងល្បើងអាស៊ីតឡាក់ទិក។
+លក្ខណៈដូចគ្នា
  • បំបែកស្ករដោយមិនត្រូវការអុកស៊ីសែន ហើយបញ្ចេញបរិមាណថាមពលតិចតួច
  • ប្រព្រឹត្តទៅនៅក្នុងស៊ីតូប្លាសនៃកោសិកា
  • មិនផលិតទឹក
+លក្ខណៈខុសគ្នា
  • ល្បើងអាស៊ីតឡាក់ទិកផលិតអាស៊ីតឡាក់ទិក គ្មានCO2 ហើយត្រូវបានគេយកទៅប្រើក្នុងការផលិតទឹកដោះគោជូរ ម្រូម៉ាស ជ្រក់...។
  • ល្បើងអាល់កុល ផលិតអាល់កុល និងCO2 ។ គេប្រើវាក្នុងទង្វើផលិតស្រា ស្រាបៀរ នំប៉័ង...។
១១-តើល្បើងមានប្រយោជន៍និងគុណវិបត្តិអ្វីខ្លះចំពោះមនុស្ស?
+គុណវិបត្តិ៖ ផលិតបានថាមពលតិចតួច មិនអាចផ្គត់បានយូរ វាបង្កើតអាស៊ីតឡាក់ទិកក្នុងសាច់ដុំ ធ្វើឱ្យចុករោយសាច់ដុំនិងរមួលក្រពើ អាចឱ្យអាហារជូរផ្អូមដែលផ្ដល់ទុក្ខទោសដល់អ្នកបរិភោគ។ 
+គុណសម្បត្តិ៖ វាអាចផ្គត់ផ្គង់ថាមពលបានបណ្ដោះអាសន្ន បើទោះជាកោសិកាសាច់ដុំខ្វះអុកស៊ីសែនក៏ដោយ។ គេអាចប្រើប្រាស់ល្បើងក្នុងការផលិតស្រា ស្រាបៀរ ទឹកដោះគោជូរ ជ្រក់ ប្រូម៉ាស នំប៉័ង...។
១២-ចូរពណ៌នាពីល្បើងអាស៊ីតឡាក់ទិកក្នុងកោសិកាសាច់ដុំរបស់យើង។
កាលណាយើងបញ្ចញថាមពលច្រើនហួសដូចជាលេងកីឡាយូរពេក ធ្វើការធ្ងន់ ឬខំប្រឹងរត់ខ្លាំងពេក ធ្វើឱ្យកោសិកាសាច់ដុំប្រើប្រាស់អុកស៊ីសែនច្រើនជាងអុកស៊ីសែនដែលស្រូបចូល ពេលនោះ យើងខំប្រឹងដកដង្ហើមយ៉ាងញាប់។ ករណីនេះ ធ្វើឱ្យខ្វះអុកស៊ីសែនក្នុងកោសិកា។ ដូចនេះ កោសិកាសាច់ដុំត្រូវប្រើប្រាស់ល្បើងអាស៊ីតឡាក់ទិក គឺម៉ូលេគុលស្ករត្រូវបានបំបែកក្នុងស៊ីតូប្លាសនៃកោសិកាដោយពុំត្រូវការអុកស៊ីសែន បង្កើតបានអាស៊ីតឡាក់ទិក និងថាមពលតិចតួច មិនអាចផ្គត់ផ្គង់ក្នុងរយៈពេលយូរ។ នៅពេលអាស៊ីតឡាក់ទិកកើតឡើង ធ្វើឱ្យយើងឈឺចុករោយក្នុងសាច់ដុំ។
១៣-តើដំណាក់កាលទី១និងដំណាក់កាលទី២នៃដង្ហើមកោសិកាខុសគ្នាដូចម្ដេច?
+ដំណាក់កាលទី
  • កើតឡើងក្នុងស៊ីតូប្លាសនៃកោសិកា
  • ម៉ូលេគុលគ្លុយកូសត្រូវបានបំបែកទៅជាគ្លុយកូសតូចៗ(ពីរុយវ៉ាតឬអាស៊ីដពីរុយវិក)​ ដោយពុំប្រើប្រាស់អុកស៊ីសែន ហើយបញ្ចេញបរិមាណថាមពលតិចតួច។
+ដំណាក់កាលទី
  • កើតឡើងក្នុងមីតូកុងឌ្រី
  • ម៉ូលេគុលគ្លុយកូសតូចៗ(ពីរុយវ៉ាត) ត្រូវបានបំបែកដោយប្រើប្រាស់អុកស៊ីសែន បង្កើតបានឧស្ម័នកាបូនិក និងទឹក ហើយបញ្ចេញបរិមាណថាមពលយ៉ាងច្រើន។
១៤-ចូរប្រៀបធៀបដំណើរដង្ហើមកោសិកានិងល្បើង។
+លក្ខណៈដូច
  • ប្រតិកម្មមេតាបូលីស
  • បំបែកគ្លុយកូស(ស្ករ)ដើម្បីបញ្ចេញថាមពល
  • កើតមានក្នុងស៊ីតូប្លាស ។
+លក្ខណៈខុសគ្នា
ដង្ហើមកោសិកា
  • ប្រព្រឹត្តទៅនៅក្នុងស៊ីតូប្លាសនិងមីតូកុងឌ្រីនៃកោសិកា
  • បំបែកគ្លុយកូសដោយប្រើប្រាស់អុកស៊ីសែន 
  • ផលិតកាបូនឌីអុកស៊ីដនិងទឹក
  • បញ្ចេញបរិមាណថាមពលយ៉ាងច្រើន។
ដំណើរល្បើង
  • ប្រព្រឹត្តទៅក្នុងស៊ីតូប្លាសនៃកោសិកា
  • បំបែកគ្លុយកូសដោយពុំប្រើប្រាស់អុកស៊ីសែន
  • ផលិតអាស៊ីដឡាក់ទិក(ល្បើងអាស៊ីដឡាក់ទិក) ឬអាល់កុលនិងកាបូនឌីអុកស៊ីដ(ល្បើងអាល់កុល)
  • បញ្ចេញបរិមាណថាមពលតិចតួច។
១៥-ហេតុអ្វីបានជាដង្ហើមកោសិកាបន្ថែមឧស្ម័នកាបូនិកទៅក្នុងបរិយាកាស?
ពីព្រោះ ផលិតផលនៃដង្ហើមកោសិការួមមាន ទឹក និងឧស្ម័នកាបូនិក ព្រមទាំងបញ្ចេញបរិមាណថាមពល(ATP)។ ហេតុនេះ ដង្ហើមកោសិកា បន្ថែមឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។

ចុចមើល  ខ្លឹមសារមេរៀន