ជំពូក១

មេរៀនទី៤ ផ្សិត

១-ចូររៀបរាប់ពីលក្ខណៈទូទៅរបស់ផ្សិត។
លក្ខណៈទូទៅរបស់ផ្សិតរួមមាន៖
  • សារពាង្គកាយពហុកោសិកាឬឯកោសិកាអឺការីយ៉ូត
  • សារពាង្គកាយបរជីព គ្មានក្លរ៉ូប្លាស ភាគច្រើនជាសាប្រូភីត ហើយខ្លះជាបរាសិត
  • កោសិកាមានភ្នាសគ្រោងជាតិគីទីន
  • លូតលាស់ខ្លាំងនៅសីតុណ្ហភាពទាបគឺក្ដៅល្មម និងមានសំណើមជានិច្ច
២-តើផ្សិតចិញ្ចឹមជីវិតដូចម្ដេច?
ផ្សិតទាំងអស់ជាបរជីពដែលចិញ្ចឹមជីវិតដោយស្រូបយកអាអារតាមរយៈអ៊ីបដុះចូទៅក្នុងប្រភពអាហារ។ អ៊ីបបញ្ចេញរសរំលាយអាហារដើម្បីបំបែកម៉ូលេគុលធំនៃអាហារឱ្យទៅជាម៉ូលេគុលតូចៗងាយស្រូបតាមអ៊ីប។
៣-តើកោសិកាផ្សិតហៅថាអ្វី? វាមានរូបរាងដូចម្ដេច?
កោសិការបស់ផ្សិតហៅថា អ៊ីប។ អ៊ីបមានរាងជាបំពង់សរសៃឆ្មារៗបែកមែកប្រទាក់ប្រឡាគ្នាហៅថាមីសេល្យូម។ អ៊ីបនៃផ្សិតខ្លះជាសរសៃបន្តគ្នានៃស៊ីតូប្លាសដែលមានណ្វៃយ៉ូច្រើន។
៤-តើផ្សិតមានរូបរាងខុសគ្នាដោយសារអ្វី?
ផ្សិតមានរូបរាងខុសគ្នាដោយសារការតម្រៀបអ៊ីបរបស់វា។
៥-ចូរពណ៌នាពីរូបផ្គុំរបស់ផ្សិត។
ផ្សិតបង្កឡើងពីកោសិកាដែលរុំព័ទ្ធដោយភ្នាសគ្រោង។ កោសិការបស់ផ្សិតភាគច្រើនជាអ៊ីប។ អ៊ីបបែកមែកប្រទាក់ក្រឡាគ្នាជាបណ្ដាញបំពង់ហៅថា មីសេល្យូម ដែលជាសារពាង្គកាយផ្សិតពហុកោសិកា។ រូបរាងរបស់ផ្សិតខុសៗគ្នាអាស្រ័យដោយការតម្រៀបនៃអ៊ីប។ ឧទាហរណ៍ៈផ្សិតធំមានបីផ្នែកគឺឬីសូអ៊ីត ជើង​និងមួយ។
៦-ក-តើផ្សិតបន្តពូជដោយសារអ្វី? 
ខ-ចូររៀបរាប់ពីការបន្តពូជដោយភេទនិងដោយឥតភេទរបស់ផ្សិត។
ក-ផ្សិតបន្តពូជដោយស្ប៉។ ខ-ការបន្តពូជដោយឥតភេទៈ ផ្សិតផលិតស្ប៉នៅក្នុងស្ប៉រ៉ង់។ នៅពេលស្ប៉ធ្លាក់ចំកន្លែងមានលក្ខខណ្ឌប្រកប វាក៏លូតលាស់ទៅជាផ្សិតថ្មី។ ចំណែកដំបែ បន្តពូជដោយឥតភេទតាមរយៈការចេញពន្លក។
+ការបន្តពូជដោយភេទៈ ផ្សិតខ្លះក៏បន្តពូជដោយភេទដែរ។ ដំបូងអ៊ីបពីរលូតលាស់ជាមួយគ្នា។ ភ្នាសកោសិកាអ៊ីបពូជវិជ្ជមាន និងភ្នាសកោសិកាអ៊ីបពូជអវិជ្ជមាន រលាយចូលគ្នាបានកោសិកាមួយមានណ្វៃយ៉ូពីរ។ ក្រោយមក ណ្វៃយ៉ូទាំងពីរក៏រលាយចូលគ្នាបន្តទៀត បង្កើតបានជាស៊ីកូត។ ស៊ីកូតធ្វើមេយ៉ូសក្លាយជាស្ប៉។ ទីបំផុត ស្ប៉លូតលាស់ទៅជាអ៊ីបថ្មីនិងទៅជាផ្សិតថ្មី។
៧-តើផ្សិតផ្ដល់ប្រយោជន៍និងទុក្ខទោសអ្វីខ្លះ?
+ផលប្រយោជន៍របស់ផ្សិត៖
  • ជាអាហាររបស់មនុស្ស
  • ផ្នែកវេជ្ជសាស្ត្រ គេប្រើផ្សិតសម្រាប់បង្កើតអង់ទីប្យូទិចប្រឆាំងជំងឺផ្សេងៗ
  • ផ្សិតមួយចំនួនរស់ជាសហប្រាណជាមួយរុក្ខជាតិនិងសារពាង្គកាយដទៃ
  • ផលិតថ្នាំពុលកសិកម្មសម្លាប់ស្មៅចង្រៃ កំចាត់សត្វល្អិត និងកំចាត់ជំងឺលើរុក្ខជាតិ
  • ជាអ្នកបំបែក បង្កើតវដ្ដរូបធាតុក្នុងស្ថានប្រព័ន្ធ
  • សហប្រាណជាមួយសារាយបៃតងឬបាក់តេរីស្វ័យជីព ហើយមាននាទីជាអ្នកត្រួសត្រាយ
+ផ្សិតផ្ដល់ទុក្ខទោសដោយវាបង្កជំងឺដល់មនុស្សនិងសត្វ បំផ្លាញដំណាំ ផ្សិតពុលអាចបណ្ដាលឱ្យមនុស្សឬសត្វងាប់ពេលបរិភោគវា។
៨-សង្ខេបវដ្ដជីវិតរបស់ផ្សិតផ្អួរ។
ផ្សិតផ្អួរផលិតស្ប៉នៅក្នុងស្ប៉រ៉ង់។ កាលណាស្ប៉ធ្លាក់ចំកន្លែងមានលក្ខខណ្ឌសមប្រកប ស្ប៉លូតលាស់ទៅជាអ៊ីប។ បន្ទាប់មក ទម្រង់ផលិតស្ប៉ក៏លូតលាស់ចេញពីផ្នែកខាងលើនៃអ៊ីបបង្កើតបានជាផ្សិតផ្អួរថ្មី។ នៅលក្ខខណ្ឌមិនប្រកប វាបន្តពូជដោយភេទ។​ដំបូង អ៊ីបពីរដែលជាអ៊ីបពូជវិជ្ជមាននិងអ៊ីបពូជអវិជ្ជមាន​លូតលាស់ជាមួយគ្នា។ បន្ទាប់មក ក៏មានបណ្ដូរសម្ភារៈតំណពូជ ហើយបង្កើតបានជាស៊ីកូត។ ស៊ីកូតធ្វើមេយ៉ូសផលិតស្ប៉ ហើយស្ប៉លូតលាស់ទៅជាអ៊ីបថ្មី។
៩-ដូចម្ដេចដែលហៅថា លីកែន? តើលីកែនផ្ដល់ប្រយោជន៍ដូចម្ដេចខ្លះ?
លីកែន ជាសារពាង្គកាយដែលកើតពីផ្សិតនិងសារាយបៃតងឬបាក់តេរីស្វ័យជីពរស់នៅសហប្រាណនឹងគ្នា។ វាផ្ដល់ប្រយោជន៍ដូចជា៖
  • ធ្វើជាអាហារសម្រាប់មនុស្សនិងសត្វ
  • ផលិតឱសថ
  • ផលិតថ្នាំពុលកសិកម្ម(ថ្នាំសម្លាប់ស្មៅ ថ្នាំកំចាត់សត្វល្អិត
  • ជាសារពាង្គកាយត្រួសត្រាយ
  • ផលិតអុកស៊ីសែន
  • ប្រើជាអាំងឌីកាទ័រនៃកង្វក់ខ្យល់
១០-តើផ្សិតមាននាទីដូចម្ដេចខ្លះក្នុងធម្មជាតិ?
ផ្សិតមួយចំនួនជាអាហាររបស់មនុស្ស ផ្សិតខ្លះមានប្រយោជន៍ក្នុងវិស័យវេជ្ជសាស្ត្រដោយបង្កើតជាអង់ទីប្យូទិចសម្រាប់ប្រឆាំងជំងឺ ម្យ៉ាងទៀត ផ្សិតជាអ្នកបំបែកនិងបង្កើតវដ្ដរូបធាតុក្នុងស្ថានប្រព័ន្ធ។
១១-តើពេនីស៊ីលីនជាអ្វី?
ពេនីស៊ីលីន ជាប្រភេទអង់ទីប្យូទិចដែលបង្កើតឡើងពីផ្សិតផ្អួរពេនីសេល្យូម។ វាសម្លាប់បាក់តេរីមួយចំនួនដែលបង្កជំងឺឆ្លង។
១២-តើផ្សិតស្រូបយកអាហារចិញ្ចឹមជីវិតដោយរបៀបណា?
ផ្សិតស្រូបយកសារធាតុចិញ្ចឹមតាមរយៈអ៊ីបរបស់វាដែលចាក់ចូលទៅក្នុងប្រភពអាហារ ហើយបញ្ចេញអង់ស៊ីមទៅក្នុងប្រភពអាហាររបស់វាដើម្បីបំបែកអាហារឱ្យទៅជាម៉ូលេគុលតូចៗអាចជ្រាបតាមអ៊ីប។
១៣-តើផ្សិតបំបែបន្តពូជដូចម្ដេច?
ដំបែបន្តពូជដោយឥតភេទតាមរយៈការចេញពន្លក។ ដំបូង ពន្លកមួយឬច្រើនដុះចេញពីកោសិកាមេ ហើយលូតលាស់ជាមួយកោសិកាមេរហូតមានទំហំប្រហែលកោសិកាមេ វាក៏ផ្ដាច់ចេញឬអាចបំបែកបន្តទៀតហើយរស់នៅលើកោសិកាមេ។
១៤-តើអ៊ីបជាអ្វី?
អ៊ីប ជាសរសៃឆ្មារៗកើតពីកោសិកាផ្សិតតម្រៀបបន្តគ្នា។ វាបែកមែកប្រទាក់ក្រឡាគ្នាបង្កើតបានសារពាង្គកាយផ្សិត។

ចុចមើល ខ្លឹមសារមេរៀន មេរៀនទី៤​ ផ្សិត