មេរៀនទី៤ ផ្សិត

ផ្សិត ជាសារពាង្គកាយឯកកោសិកា ឬពហុកោសិកាអឺការីយ៉ូត បរជីព គ្មានក្លរ៉ូប្លាស និងមានភ្នាសគ្រោងជាតិគីទីន។ វាលូតលាស់នៅក្នុងមជ្ឈដ្ឋានមានសំណើម និងមានសីតុណ្ហភាពល្មម។

១. រូបផ្គុំ

  • ផ្សិតបង្កឡើងពីកោសិកាដែលរុំព័ទ្ធដោយភ្នាសគ្រោង
  • កោសិការបស់ផ្សិតភាគច្រើន មានរាងជាបំពង់សរសៃឆ្មារៗហៅថា អ៊ីប។ បណ្ដាញអ៊ីបហៅថា មីសេល្យូម។ អ៊ីប របស់ផ្សិតខ្លះ ជាសរសៃបន្តគ្នានៃស៊ីតូប្លាស​ដែលមានណ្វៃយ៉ូច្រើន។
  • ផ្សិតខ្លះ ជាសារពាង្គកាយឯកកោសិកា។
រូបផ្គុំសារពាង្គកាយផ្សិត
រូបផ្គុំសារពាង្គកាយផ្សិត

+ ការចិញ្ចឹមជីវិតៈ ផ្សិត ជាសារពាង្គកាយបរជីព ចិញ្ចឹមជីវិតតាមរបៀបជាសាប្រូភីត ដោយស្រូបអាហារតាមរយៈអ៊ីប ដែលដុះចាក់ចូលទៅក្នុងប្រភពអាហារ។ អ៊ីបបញ្ចេញអង់ស៊ីមរំលាយដើម្បីបំបែកម៉ូលេគុលធំៗនៃអាហារ ឲ្យទៅជាម៉ូលេគុលតូចៗ។ បន្ទាប់មក អ៊ីបស្រូបយកសារធាតុចិញ្ចឹមពីក្នុងប្រភពអាហារ។ ផ្សិតខ្លះ ជាបរាសិត ដែលពឹងលើអាហារបានពីធ្មួល។

២. តួនាទីផ្សិតក្នុងធម្មជាតិ

ក. អត្ថប្រយោជន៍របស់ផ្សិត

  • ប្រភពអាហាររបស់មនុស្សដូចជា ផ្សិតចំបើង ផ្សិតម្ជុរ ផ្សិតត្រចៀកកណ្ដុល ផ្សិតអំបោះ ផ្សិតក្ដាម ផ្សិតភ្លៅមាន់...។ ផ្សិតខ្លះប្រើក្នុងឧស្សាហកម្មផលិតអាហារ ផលិតនំប៉័ង ទឹកស៊ីអ៊ីវ ស្រា និងស្រាបៀរ។
  • ផ្នែកវេជ្ជសាស្ត្រ គេប្រើផ្សិតសម្រាប់ផលិតអង់ទីប្យូទិចប្រឆាំងមេរោគ។ ឧទាហរណ៍ៈ ពេនីស៊ីលីន ផលិតពីផ្សិតពេនីសេល្យូម។
  • ផ្សិតមួយចំនួនរស់នៅជាសហប្រាណជាសារាយនិងសារពាង្គកាយដទៃ។ សហប្រាណជាមួយសារាយឬបាក់តេរីស្វ័យជីព បង្កើតបានជាលីកែន ដែលជាសារពាង្គកាយត្រួសត្រាយ។
  • ផលិតថ្នាំពុលកសិកម្មកំចាត់ស្មៅ សត្វល្អិតចង្រៃ និងកំចាត់ជំងឺលើរុក្ខជាតិ
  • ជាសាប្រូភីត បំបែកសំណល់សរីរាង្គឲ្យទៅជាសារធាតុខនិជ និងជួយបង្កើតវដ្ដរូបធាតុក្នុងស្ថានប្រព័ន្ធ។

ខ. ទុក្ខទោស

  • ផ្សិតមួយចំនួនជាភ្នាក់ងារបង្កជំងឺដល់មនុស្ស សត្វនិងរុក្ខជាតិ
  • ផ្សិតមួយចំនួនមានសមាសធាតុគីមីពុលដែលអាចធ្វើឲ្យមនុស្សឬសត្វស្លាប់។

៣. វដ្ដជីវិតរបស់ផ្សិត

៣.១. ការបន្តពូជដោយឥតភេទ

ផ្សិតភាគច្រើន បន្តពូជដោយឥតភេទតាមរយៈស្ប៉។ ផ្សិតផលិតស្ប៉នៅក្នុងស្ប៉រ៉ង់។ ស្ប៉មានទម្ងន់ស្រាល ព័ទ្ធដោយសំបកការពារ ហើយអាចនាំទៅកន្លែងផ្សេងទៀតតាមទឹកឬខ្យល់។ ក្នុងលក្ខខណ្ឌប្រកប ស្ប៉ដុះពន្លក ហើយលូតលាស់ទៅជាផ្សិតថ្មីដែលដូចគ្នាទៅនឹងផ្សិតមេ។

ផ្សិតខ្លះដូចជាដំបែ ក៏បន្តពូជដោយឥតភេទដែរ តែតាមរយៈការចេញពន្លក។ ដំបូង កោសិកាតូចៗ(ពន្លក) ដុះចេញពីកោសិកាមេ ហើយលូតលាស់ធំប្រហែលកោសិកាមេក៏ផ្ដាច់ចេញពីកោសិកាមេ ឬចេះតែបំបែកបន្តទៀត ហើយបន្តរស់នៅលើកោសិកាមេ។

ការចេញពន្លករបស់ដំបែ
ការចេញពន្លករបស់ដំបែ

៣.២. ការបន្តពូជដោយភេទ

ក្នុងលក្ខខណ្ឌមិនសមប្រកប ផ្សិតបន្តពូជដោយភេទ។ ផ្សិតគ្មានញីឈ្មោលទេ តែវាមានអ៊ីបពូជវិជ្ជមាន និងអ៊ីបពូជអវិជ្ជមាន។ កាលណាកោសិកាអ៊ីបនៃពូជវិជ្ជមាននិងពូជអវិជ្ជមាននៃផ្សិតតែមួយឬផ្សិតផ្សេងគ្នា គងប៉ះគ្នា ភ្នាសកោសិការបស់វាក៏រលាយចូលគ្នាបង្កើតបានកោសិកាមានណ្វៃយ៉ូពីរ។ ក្រោយមក ណ្វៃយ៉ូទាំងពីរនោះក៏រលាយចូលគ្នា ក្លាយជាស៊ីកូត។ ស៊ីកូត រងមេយ៉ូស ក្លាយជាស្ប៉ ដែលនឹងដុះពន្លក ហើយលូតលាស់ទៅជាផ្សិតថ្មី។
ការបន្តពូជរបស់ផ្សិតផ្អួរ
ការបន្តពូជរបស់ផ្សិតផ្អួរ

៤. លីកែន

  • លីកែន ជាសារពាង្គកាយដែលកើតពីផ្សិតនិងសារាយបៃតង ឬបាក់តេរីស្វ័យជីព រស់នៅសហប្រាណនឹងគ្នា។
  • លីកែន រស់នៅលើផ្ទាំងថ្ម ឬជញ្ជាំង លើដីសើម និងលើសំបកឈើ គេហៅវាថាជាសារពាង្គកាយត្រួសត្រាយ។ លីកែន អាចបំបែកថ្មបន្តិចម្ដងៗឲ្យទៅជាដី ដែលអាចឲ្យសារពាង្គកាយផ្សេងៗលូតលាស់បាននៅទីនោះ។ ម្យ៉ាងទៀត អ្នកវិទ្យាសាស្ត្រ បានប្រើប្រាស់លីកែន ជាអាំងឌីកាទ័រនៃកង្វក់ទឹក។