ជំពូក

មេរៀនទី៣ ប្រូទីស

១-តើប្រូទីសជាអ្វី? មានប៉ុន្មានក្រុម? អ្វីខ្លះ?
ប្រូទីស ជាសារពាង្គកាយឯកកោសិកាឬពហុកោសិកាអឺការីយ៉ូតបរជីព ឬស្វ័យជីព។ ប្រូទីសមានបីក្រុមគឺ ប្រូទីសសត្វ ប្រូទីសរុក្ខជាតិ និងប្រូទីសផ្សិត។
២-ក-អាមីបជាអ្វី? តើវាបង្កជំងឺអ្វីដល់មនុស្ស?តើធ្វើដូចម្ដេចដើម្បីចៀសវាងពីការបង្កនេះ?
ខ-ចូរពណ៌នាពីរូបផ្គុំអាមីបនិងការបន្តពូជរបស់វា។
ក-អាមីប ជាឯកកោសិកាអឺការីយ៉ូត បរជីព ផ្លាស់ទីនិងចាប់ចំណីដោយជើងបញ្ឆោត។ វាបង្កជំងឺរាគមួលដល់មនុស្ស។ ដើម្បីបង្ការពីការបង្ករោគនេះ យើងត្រូវបរិភោគបន្លែលាងដោយទឹកស្អាត បរិភោគទឹកដាំពុះឬទឹកបានរំងាប់មេរោគ បន្ទោរបង់ក្នុងបង្គន់ លាងដៃឱ្យបានស្អាតនឹងសាប៊ូមុនចាប់កាន់ចំណីអាហារបរិភោគ។
ខ+អាមីបមានរូបរាងមិនកំណត់។ អាមីបផ្គុំឡើងពីភ្នាសស៊ីតូប្លាស ស៊ីតូប្លាស ណ្វៃយ៉ូ វ៉ាគុយអូលកន្ត្រាក់ វ៉ាគុយអូលរំលាយអាហារ និងជើងបញ្ឆោត។
+អាមីបបន្តពូជដោយឥតភេទដោយការចែកខ្លួនជាពីរ។ ដំបូង វាដំឡើងទ្វេសម្ភារៈតំណពូជ រួចធ្វើចំណែកណ្វៃយ៉ូ។ ទីបំផុត ក្រោយចំណែកស៊ីតូប្លាស វាបង្កើតបានកោសិកាកូនពីរមានសម្ភារៈតំណពូជដូចនឹងកោសិកាមេដែរ។
៣-ក-តើប៉ារ៉ាមេស៊ីជាអ្វី?
ខ-ចូររៀបរាប់ពីរូបផ្គុំនិងការបន្តពូជរបស់ប៉ារ៉ាមេស៊ី។
ក-ប៉ារ៉ាមេស៊ី ជាប្រូតូសូអ៊ែ មានខ្លួនរុំព័ទ្ធដោយរោមញ័រ សម្រាប់ផ្លាស់ទីនិងបញ្ចូលអាហារទៅក្នុងមាត់។
ខ-រូបផ្គុំរបស់ប៉ារ៉ាមេស៊ីមាន វ៉ាគុយអូលកន្ត្រាក់ វ៉ាគុយអូលរំលាយអាហារ មាត់ ណ្វៃយ៉ូតូច ណ្វៃយ៉ូធំ ពែលីគុល រន្ធបញ្ចេញ ស៊ីតូប្លាស និងរោមញ័រ។
+ការបន្តពូជៈ ប៉ារ៉ាមេស៊ីបន្តពូជដោយឥតភេទតាមការចែកខ្លួនជាពីរ ពេលខ្លះវាក៏បន្តពូជដោយភេទតាមដំណើរជំនាប់ប្តូរ។
៤-តើសាឌីយ៉ារស់នៅឯណា? វាបង្កជំងឺអ្វីដល់មនុស្ស?
សាឌីយ៉ា រស់នៅក្នុងទឹកសាបដូចជាទឹកជ្រោះ ទន្លេ បឹង។ វាបង្កជំងឺពោះវៀនធ្ងន់ធ្ងរហៅថា ឡំប្ល៊ីយ៉ាស។
៥-ក-តើជំងឺគ្រុនចាញ់បណ្ដាលមកពីមេរោគឈ្មោះអ្វី?
ខ-ចូររៀបរាប់ពីវដ្ដជីវិតរបស់មេរោគគ្រុនចាញ់។
ក-ជំងឺគ្រុនចាញ់បណ្ដាលមកពីមេរោគឈ្មោះ ប្លាស្មូដ្យូម។
ខ-វដ្ដជីវិតរបស់ប្លាស្មូដ្យូមពឹងលើមជ្ឈដ្ឋានពីរគឺក្នុងខ្លួនមនុស្ស និងក្នុងខ្លួនមូសដែកគោលញី។
+ក្នុងខ្លួនមនុស្សៈ កាលណាមូសដែកគោលញីផ្ទុកកាម៉ែតប្លាស្មូដ្យូមទៅខាំអ្នកជាណាម្នាក់ វាក៏បញ្ចូលស្ប៉ទៅក្នុងខ្លួនជននោះ។ ស្ប៉ផ្លាស់ទៅតាមចរន្តឈាមទៅក្នុងកោសិកាថ្លើមជនរងគ្រោះ ហើយបន្តពូជដោយធ្វើចំណែក។ ស្ប៉ខ្លះផ្លាស់ទៅចេញទៅក្នុងឈាម ហើយបន្តពូជក្នុងគោលិកាក្រហម។ ៤៨ទៅ៧២ម៉ោង គោលិកាក្រហមផ្ទុះបែកបញ្ចេញស្ប៉ជាច្រើន។ ស្ប៉ចូលទៅបំផ្លាញគោលិកាក្រហមផ្សេងទៀត ឯស្ប៉ខ្លះទៀតវិវត្តជាទម្រង់ដែលអាចផលិតកាម៉ែត អាចផ្ដើមវដ្ដជីវិតថ្មីក្នុងខ្លួនមូសដែកគោលញីផ្សេងទៀត។
+ក្នុងខ្លួនមូសដែកគោលញីៈ កាលណាមូសដែកគោលញីទៅខាំអ្នកជំងឺគ្រុនចាញ់ ស្ប៉ប្លាស្មូដ្យូមក៏ចូលទៅក្នុងប្រដាប់រំលាយអាហាររបស់មូសនោះ។ នៅទីនោះ កាម៉ែតប្លាស្មូដ្យូមបង្កកំណើតបង្កើតបានជាស៊ីកូត ហើយធ្វើចំណែកជាស្ប៉ជាច្រើន រស់នៅក្នុងទម្រង់ជាគីស។ ក្រោយមក គីសផ្ទុះបែកបញ្ចេញស្ប៉ជាច្រើន ធ្វើដំណើរទៅកាន់ក្រពេញទឹកមាត់មូស។
៦-តើប្លាស្មូដ្យូមបង្កជំងឺអ្វីដល់មនុស្ស? មេរោគនេះឆ្លងតាមរយៈអ្វី? ដើម្បីការពារខ្លួនពីជំងឺខាងលើនេះ តើយើងត្រូវធ្វើដូចម្ដេច?
ជំងឺគ្រុនចាញ់។ ឆ្លងតាមរយៈមូសដែកគោលញីខាំ។ ដើម្បីការពារខ្លួនពីជំងឺគ្រុនចាញ់ យើងត្រូវ៖
  • ដេកក្នុងមុង និងការពារខ្លួនកុំឱ្យមូសខាំ
  • បំផ្លាញជម្រកមូសនិងសត្វមូស
  • ដាក់អ្នកជំងឺគ្រុនចាញ់ឱ្យដេកនៅដោយឡែក
  • ករណីមានការសង្ស័យ​ ត្រូវឱ្យគ្រូពេទ្យពិនិត្យឈាម ហើយប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា
  • អ្នកអាចទទួលថ្នាំបង្ការពីមេរោគគ្រុនចាញ់
៧-ហេតុអ្វីបានជាគេចាត់ទុកអឺគ្លែនជាប្រូទីសសត្វផង និង ប្រូទីសរុក្ខជាតិផង?
ពីព្រោះអឺគ្លែនមានផ្លាសែលសម្រាប់ផ្លាស់ទី​ដែលជាលក្ខណៈរបស់សត្វ ហើយចិញ្ចឹមជីវិតតាមបែបបរជីពពេលគ្មានពន្លឺ។ ប៉ុន្តែវាមានក្លរ៉ូប្លាសសម្រាប់ធ្វើរស្មីសំយោគដែលជាលក្ខណៈរបស់រុក្ខជាតិ។
៨-តើឌីយ៉ាតូមេ មានប្រយោជន៍អ្វីខ្លះ?
ឌីយ៉ាតូមេមានខ្លួនស្រោបដោយជាតិស៊ីលីសដែលអាចច្នៃជាថ្នាំដុសធ្មេញ ឬវត្ថុផ្សេងៗពេលវាងាប់។ វាជាចំណីត្រីនិងសត្វក្នុងទឹក។
៩-ក-ផ្អែកតាមពណ៌របស់វា តើគេចែកសារាយជាប៉ុន្មានក្រុម? អ្វីខ្លះ?
ខ-ចូររៀបរាប់ពីផលប្រយោជន៍របស់សារាយ។
ក-គេចែកសារាយជាបីក្រុមគឺសារាយបៃតង សារាយត្នោត និងសារាយក្រហម។
ខ-ផលប្រយោជន៍របស់សារាយ
  • ជាអាហារដូចជាធ្វើចាហួតយ ការ៉េម បង្អែម...
  • ផលិតអាកាអាកា សម្រាប់បណ្ដុះបាក់តេរី
  • ចំណីត្រីនិងសត្វក្នុងទឹក
  • ជួយបង្កើនបរិមាណអុកស៊ីសែនរលាយក្នុងទឹកនិងបន្ថយកង្វក់ទឹក
១០-តើប្រូទីសផ្សិតមានប៉ុន្មានក្រុម? អ្វីខ្លះ?
ប្រូទីសផ្សិតមានពីរក្រុមគឺ ផ្សិតទឹក និងស្លែភក់។

ចុចមើល ខ្លឹមសារមេរៀន