មេរៀនទី៣ ប្រូទីស
១. ប្រូទីសសត្វ
ប្រូទីសសត្វ ជាប្រូតូសូអ៊ែឯកកោសិកាបរជីព។ ផ្អែកតាមរបៀបរស់នៅនិងរបៀបផ្លាស់ទី គេចែកប្រូទីសសត្វជា៤ក្រុមរួមមាន៖
|
អាមីប |
- ប្រូតូសូអ៊ែផ្លាស់ទីដោយជើងបញ្ឆោតៈ អាមីប
- ប្រើប្រាស់ជើងបញ្ឆោតសម្រាប់ផ្លាស់ទីនិងចាប់ចំណីអាហារ
- បន្តពូជដោយការចែកខ្លួនជាពីរ
- អាមីបបង្កជំងឺរាគមួលដល់មនុស្ស
- ប្រូតូសូអ៊ែផ្លាស់ទីដោយរោមញ័រៈ ប៉ារ៉ាមេស៊ី
- ខ្លួនប៉ារ៉ាមេស៊ីរុំព័ទ្ធដោយរោមញ័រ ដែលរោមនេះ ប្រើសម្រាប់ផ្លាស់ទីនិងបញ្ចូលអាហារក្នុងមាត់
- ប៉ារ៉ាមេស៊ីបន្តពូជដោយឥតភេទតាមការចែកខ្លួនជាពីរ និងអាចបន្តពូជដោយជំនាប់ប្តូរ។
|
ប៉ារ៉ាមេស៊ី |
- ប្រូតូសូអ៊ែផ្លាស់ទីដោយផ្លាសែល
- មានផ្លាសែលសម្រាប់ធ្វើចលនានិងផ្លាស់ទី
- ខ្លះមានប្រយោជន៍ដូចជា ប្រូតូសូអ៊ែបរាសិតនៅក្នុងខ្លួនកណ្ដៀរ។ ឯសាឌីយ៉ា ជាប្រូតូសូអ៊ែចង្រៃ រស់ក្នុងទឹកសាប ហើយអាចបង្កជំងឺពោះវៀនធ្ងន់ធ្ងរហៅថា ឡំប្លីយ៉ាសដល់មនុស្ស។
- ប្រូតូសូអ៊ែបន្តពូជតាមរយៈស្ប៉ៈ ស្ប៉រ៉ូសូអ៊ែ
- ប្រូទីសសត្វ បន្តពូជតាមរយៈស្ប៉ ហើយរស់ជាបរាសិតលើសត្វនិងមនុស្ស
- ប្លាស្មូដ្យូម ជាស្ប៉រ៉ូសូអ៊ែបង្កជំងឺគ្រុនចាញ់ដល់មនុស្ស។
+វដ្ដជីវិតមេរោគគ្រុនចាញ់(ប្លាស្មូដ្យូម)៖ វដ្ដជីវិតរបស់ប្លាស្មូដ្យូម អាស្រ័យលើសារពាង្គកាយមនុស្សនិងក្នុងខ្លួនមូសដែកគោលញី។
|
វដ្ដជីវិតប្លាស្មូដ្យូម |
- ក្នុងខ្លួនមូសដែកគោលញីៈ ក្រោយពេលមូសដែកគោលញីខាំបឺតឈាមអ្នកជំងឺគ្រុនចាញ់ណាម្នាក់ កាម៉ែតប្លាស្មូដ្យូមធ្វើដំណើរទៅក្នុងប្រដាប់រំលាយអាហាររបស់មូស ហើយបង្កកំណើតជាស៊ីកូតឬស៊ុតបង្កកំណើត។ ស៊ីកូតធ្វើចំណែក ក្លាយជាគីសផ្ទុកស្ប៉។ ក្រោយមក គីសផ្ទុះបែកបញ្ចេញស្ប៉ជាច្រើន ធ្វើដំណើរទៅកាន់ក្នុងក្រពេញទឹកមាត់មូស។
- ក្នុងខ្លួនមនុស្សៈ កាលណាមូសដែកគោលញីដែលផ្ទុកស្ប៉ប្លាស្មូដ្យូមទៅខាំនរណាម្នាក់ វាក៏បញ្ចូលស្ប៉ទៅក្នុងខ្លួនជននោះ។ ស្ប៉ធ្វើដំណើរតាមចរន្តឈាមទៅក្នុងកោសិកាថ្លើម រួចបន្តពូជដោយធ្វើចំណែកបានស្ប៉កាន់តែច្រើន។ ស្ប៉ខ្លះចេញពីកោសិកាថ្លើមចូលទៅក្នុងគោលិកាក្រហម រួចធ្វើចំណែកបន្តទៀត។ ក្នុងរយៈ៤៨ទៅ៧២ម៉ោង គោលិកាក្រហមផ្ទុះបែកបញ្ចេញស្ប៉ជាច្រើន។ ស្ប៉មួយចំនួនឆ្លងទៅបំផ្លាញគោលិកាក្រហមផ្សេងៗទៀត ឯស្ប៉ខ្លះទៀត វិវត្តជាទម្រង់ផលិតកាម៉ែត ដែលអាចផ្ដើមវដ្ដថ្មី ក្នុងខ្លួនមូសដែកគោលញីផ្សេងទៀត។
២. ប្រូទីសរុក្ខជាតិ
- ជាសារពាង្គកាយឯកកោសិកា ឬពហុកោសិកា ស្វ័យជីព មានក្លរ៉ូប្លាស អាចធ្វើរស្មីសំយោគបានដូចរុក្ខជាតិដែរ
- រួមមាន អឺគ្លែន ឌីយ៉ាតូមេ និងសារាយ
២.១. អឺគ្លែន
- សារពាង្គកាយឯកកោសិកា មានលក្ខណៈជាប្រូទីសសត្វផងនិងជាប្រូទីសរុក្ខជាតិផង
- អឺគ្លែនមានលក្ខណៈដូចប្រូទីសសត្វពីព្រោះវាអាចផ្លាស់ទីបានតាមរយៈផ្លាសែល ហើយមានរបៀបចិញ្ចឹមជីវិតជាបរជីពនៅពេលគ្មានពន្លឺ។ វាមានលកល្ខណៈដូចប្រូទីសរុក្ខជាតិ ពីព្រោះវាមានក្លរ៉ូប្លាស អាចធ្វើរស្មីសំយោគបាននៅពេលមានពន្លឺ។
|
អឺគ្លែន |
២.២. ឌីយ៉ាតូមេ
- ប្រូទីសឯកកោសិកា ស្វ័យជីព
- សារពាង្គកាយស្រោបដោយជាតិស៊ីលីស
- គេអាចច្នៃវាជាថ្នាំដុសធ្មេញ ថ្នាំខាត់និងផលិតផលផ្សេងៗទៀត
- ជាចំណីត្រីនិងសត្វក្នុងទឹក
- បន្តពូជដោយភេទនិងឥតភេទ
២.៣. សារាយ
- សារពាង្គកាយឯកកោសិកាឬពហុកោសិកា ស្វ័យជីព
- ផ្អែកតាមពណ៌របស់វា គេចែកសារាយជាបីក្រុមរួមមាន សារាយបៃតង សារាយក្រហម និងសារាយត្នោត។
- មានប្រយោជន៍ដូចជា៖
- ប្រភពអាហារដូចជា ចាហួយ ការ៉េម បង្អែម...
- ផលិតអាកា-អាកា ប្រើសម្រាប់បណ្ដុះបាក់តេរីក្នុងមន្ទីរពិសោធ
- បង្កើនបរិមាណអុកស៊ីសែនរលាយក្នុងទឹក និងជួយកាត់បន្ថយកង្វក់ទឹក
- ចំណីត្រី និងសត្វក្នុងទឹក
៣. ប្រូទីសផ្សិត
- ភាវរស់បរជីព កោសិកាមានភ្នាសគ្រោង ហើយបន្តពូជដោយស្ប៉
- មានពីរប្រភេទគឺ ផ្សិតទឹក និងស្លែភក់
៣.១. ស្លែភក់
- ឯកកោសិកា
- ផ្លាស់ទីនិងស៊ីអាហារដោយជើងបញ្ឆោតដូចអាមីបដែរ
៣.២. ផ្សិតទឹក
- បរាសិតលើសត្វក្នុងទឹកនិងលើរុក្ខជាតិ ខ្លះរស់នៅកន្លែងសើម