ជំពូក១

មេរៀនទី១ ចំណែកថ្នាក់ដើមឈើមែកធាងពូជអម្បូរ

១-ដូចម្ដេចហៅថា ចំណែកថ្នាក់? តាក់សូណូមី? ហេតុអ្វីបានជាអ្នកវិទ្យាសាស្ត្រធ្វើចំណែកថ្នាក់?
  • ចំណែកថ្នាក់ ជាការផ្ដុំគំនិត ព័ត៌មាន ឬវត្ថុផ្សេងៗផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់វា។ តាក់សូណូមី ជាវិទ្យាសាស្ត្រនៃការធ្វើចំណែកថ្នាក់ ការកំណត់អត្តសញ្ញាណ និងការហៅឈ្មោះភាវរស់។
  • អ្នកវិទ្យាសាស្ត្រធ្វើចំណែកភាវរស់ដើម្បីស្គាល់ច្បាស់នូវលក្ខណៈរបស់ប្រភេទភាវរស់និងងាយស្រួលក្នុងការហៅឈ្មោះផងដែរ។
២-តើភាវរស់ចែកជាប៉ុន្មានកម្រិតសំខាន់ៗ?​អ្វីខ្លះ? តើកម្រិតណាមួយធំជាងគេ? ហើយកម្រិតណាមួយតូចជាងគេ?
ភាវរស់ចែកជា៧កម្រិតសំខាន់ៗគឺ រជ្ជៈ សាខា ថ្នាក់ លំដាប់ អម្បូរ ពួក និងប្រភេទ។ កម្រិតធំជាងគេគឺរជ្ជៈ ឯកម្រិតតូចជាងគេគឺ ប្រភេទ។
៣-តើភាវរស់ចែកជាប៉ុន្មានរជ្ជៈ? អ្វីខ្លះ? តើមនុស្ស ផ្សោត បាឡែន និងប្រចៀវស្ថិតនៅក្នុងរជ្ជៈអ្វី?
ភាវរស់ចែកចេញជាប្រាំរជ្ជៈគឺ រជ្ជៈម៉ូណេរ៉ា រជ្ជៈប្រូទីស រជ្ជៈផ្សិត រជ្ជៈរុក្ខជាតិ និងរជ្ជៈសត្វ។ មនុស្ស ផ្សោត បាឡែន និងប្រចៀវស្ថិតនៅក្នុងរជ្ជៈសត្វ។
៤-តើនាមវល្លីទ្វេនាមគឺជាអ្វី?
នាមវល្លីទ្វេនាម ជាឈ្មោះវិទ្យាសាស្ត្រសម្រាប់ហៅភាវរស់ដែលសម្គាល់ដោយឈ្មោះពួកនិងឈ្មោះប្រភេទ។
៥-តើឈ្មោះវិទ្យាសាស្ត្ររបស់ភាវរស់ត្រូវសរសេរដូចម្ដេច? ចូរឧទាហរណ៍។
ឈ្មោះវិទ្យាសាស្ត្រភាវរស់ត្រូវសរសេរដោយអក្សរឡាតាំង ទ្រេត ផ្ដើមដោយឈ្មោះពួក បញ្ចប់ដោយឈ្មោះប្រភេទ។ តួអក្សរខាងដើមនៃឈ្មោះពួក សរសេរជាអក្សរធំ ឯឈ្មោះប្រភេទសរសេរជាអក្សរតូច។ ឧទាហរណ៍ៈ
  • Panthera leo សត្វតោ
  • Oryza sativa ស្រូវ
  • Mimosa pigra បន្លាយួន
  • Brassica oleracea ស្ពៃក្ដោប
៦-តើមានវល្លីទ្វេនាមសំគាល់ដោយអក្សរដូចម្ដេច?
នាមវល្លីទ្វេនាមសំគាល់ដោយពាក្យពីរ សរសេរជាអក្សរទ្រេត ដែលពាក្យខាងដើមផ្ដើមដោយអក្សរធំមួយ សម្រាប់សំគាល់ឈ្មោះពួក ឯឈ្មោះបន្ទាប់ សរសេរជាអក្សរតូច សម្រាប់សំគាល់ឈ្មោះប្រភេទ។
៧-ដូចម្ដេចដែលហៅថា សរីរាង្គអូម៉ូឡូក? សរីរាង្គអាណាឡូក? ចូររកឧទាហរណ៍បញ្ជាក់។ ចូររកលក្ខណៈដូចនិងខុសគ្នារវាងដៃមនុស្ស​ ស្លាបប្រចៀវ និងព្រុយបាឡែន។
  • សរីរាង្គអូម៉ូឡូក ជាសរីរាង្គដែលមានទម្រង់ក្នុងដូចគ្នាឬប្រហាក់ប្រហែលគ្នា តែមានមុខងារខុសគ្នា។ ឧទាហរណ៍ៈ ស្លាបប្រចៀវ និង ព្រុយបាឡែនមានឆ្អឹងខាងក្នុងដូចគ្នា តែស្លាបប្រចៀវសម្រាប់ហើរ  ឯព្រុយបាឡែនសម្រាប់ហែល។
  • សរីរាង្គអាណាឡូក ជាសរីរាង្គដែលមានមុខងារដូចគ្នា តែមានទម្រង់និងលក្ខណៈខុសគ្នា។ ឧទាហរណ៍ៈ ស្លាបមេអំបៅ និងស្លាបបក្សីសម្រាប់ហើរដូចគ្នា តែស្លាបមេអំបៅគ្មានឆ្អឹង ឯស្លាបបក្សីមានឆ្អឹង។
  • ដៃមនុស្ស ស្លាបប្រចៀវ និងព្រុយបាឡែនមានឆ្អឹងខាងក្នុងដូចគ្នា មានដើមដៃ កំភួនដៃ ប្រអប់ដៃ មានម្រាមប្រាំ និងជាអវយវៈនៃក្រុមថនិកសត្វ។ ប៉ុន្តែ សរីរាង្គទាំងនេះមាននាទីខុសគ្នាគឺដៃមនុស្សសម្រាប់ចាប់កាន់ ស្លាបបក្សីសម្រាប់ហើរ​ ឯព្រុយបាឡែនសម្រាប់ហែល។
៨-ដូចម្ដេចដែលហៅថា ដើមឈើមែកធាងពូជអម្បូរ?
ដើមឈើមែកធាងពូជអម្បូរ ជាប្រវត្តិនៃការវិវត្តរបស់សារពាង្គកាយមួយប្រភេទឬមួយក្រុម។