ជំពូក៤

មេរៀនទី១ ប្រព័ន្ធគ្រោងឆ្អឹង

១-ចូរពណ៌នាពីនាទីរបស់ឆ្អឹ។
ឆ្អឹងមាននាទីកំណត់រូបរាងនិងទ្រទ្រង់សារពាង្គកាយ ធ្វើឱ្យសារពាង្គកាយមានចលនា ការពារសរីរាង្គខាងក្នុង ផលិតកោសិកាឈាម និងស្តុកទុកសារធាតុខនិជ។
២-ផ្អែកតាមរូបរាង តើឆ្អឹងមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ឆ្អឹងមាន៤ប្រភេទគឺ ឆ្អឹងវែង ឆ្អឹងខ្លី ឆ្អឹងសំប៉ែត និងឆ្អឹងរាងប្លែកៗ។
៣-តើសន្លាក់មានប៉ុន្មានយ៉ាង?​អ្វីខ្លះ?
សន្លាក់មានពីរយ៉ាងគឺ សន្លាក់ចល័ត និងសន្លាក់អចល័ត។
៤-ដូចម្ដេចហៅថា សន្លាក់ចល័ត? សន្លាក់អចល័ត? ចូររកឧទាហរណ៍បញ្ជាក់ក្នុងប្រភេទនីមួយៗ។
+សន្លាក់ចល័ត ជាសន្លាក់ដែលអាចឱ្យឆ្អឹងមានចលនា។ ឧទាហរណ៍ៈ សន្លាក់ជង្គង់ សន្លាក់កជើងកដៃ...។
+សន្លាក់អចល័ត ជាសន្លាក់ដែលធ្វើឱ្យឆ្អឹងមិនមានចលនា។​ ឧទាហរណ៍ៈ សន្លាក់លលាដ៍ក្បាល សន្លាក់រវាងធ្មេញនិងឆ្អឹងថ្គាម...។
៥-ក្នុងសន្លាក់ តើឆ្អឹងខ្ចីមានលក្ខណៈដូចម្ដេច? ហើយវាមាននាទីដូចម្ដេច?
ឆ្អឹងខ្ចីមានលក្ខណៈទន់ហើយយឺត សម្រាប់ការពារនឹងភាពកកិតដើម្បីឱ្យចលនាអាចប្រព្រឹត្តទៅបានស្រួលហើយងាយ។
៦-ហេតុអ្វីបានជាឆ្អឹងមានសភាពរឹងមាំ?
ព្រោះឆ្អឹងបង្កឡើងពីសារធាតុខនិជ ពិសេសកាល់ស្យូមនិងផូស្វ័រ។
៧-ហេតុអ្វីបានជាឆ្អឹងប្រែជាផុយនៅពេលគេយកវាទៅដុត តែវាទន់នៅពេលគេយកវាទៅត្រាំក្នុងអាស៊ីតក្លរីឌ្រិចឬទឹកខ្មេះ?
ព្រោះជាតិអាស៊ីត បំផ្លាញសារធាតុខនិជនៅក្នុងឆ្អឹង ធ្វើឱ្យវានៅសល់តែប្រូតេអ៊ីនមានលក្ខណៈទន់អាចពត់បាន។ ប៉ុន្តែនៅពេលគេយកវាទៅដុត នោះប្រូតេអ៊ីននឹងត្រូវបានចេះអស់ សល់តែកាល់ស្យូម ធ្វើឱ្យវាមានលក្ខណៈផុយ។
៨-តើឆ្អឹងស្ពោតនិងឆ្អឹងតាន់មានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ?
ឆ្អឹងតាន់ មានកោសិកាឆ្អឹងតម្រៀបគ្នាជារង្វង់ជុំវិញសរសៃឈាម។ ឆ្អឹងតាន់រឹងហើយហាប់។ ឆ្អឹងស្ពោតមានប្រហោងតូចៗច្រើន ផ្ទុកខួរឆ្អឹងក្រហម។ ឆ្អឹងស្ពោតស្រាល តែមាំ។
៩-ចូរពណ៌នាពីសន្លាក់ចល័ត។
ក្នុងសន្លាក់សន្លាក់ចល័ត ក្បាលឆ្អឹងទាំងពីរពាសទៅដោយឆ្អឹងខ្ចី ហើយមានសរសៃចំណងភ្ជាប់ឆ្អឹងទាំងពីរ។ នៅចន្លោះក្បាលឆ្អឹងទាំងពីរមានសារធាតុរាវរអិលហៅថាទឹកសន្លាក់ ជួយឱ្យឆ្អឹងមានសភាពរអិលលើគ្នា។
១០-តើយើងត្រូវធ្វើដូចម្ដេចខ្លះដើម្បីរក្សាឆ្អឹងឱ្យរឹងមាំនិងមានសុខភាពល្អ?
បរិភោគអាហារឱ្យបានត្រឹមត្រូវ ពិសេសអាហារដែលផ្ទុកផូស្វ័រនិងកាល់ស្យូម ព្រមទាំងវីតាមីនគ្រប់គ្រាន់ ហើយធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីឱ្យឆ្អឹងកាន់តែរឹងមាំ។

ចុចមើល ខ្លឹមសារមេរៀន