មេរៀនទី៦ សត្វ

+លក្ខណៈទូទៅ
  • សារពាង្គកាយពហុកោសិកា អឺការីយ៉ូត
  • សារពាង្គកាយបរជីព គ្មានក្លរ៉ូប្លាស
  • កោសិកាគ្មានភ្នាសគ្រោង
  • ផ្លាស់ទីបាន
គេចែកសត្វជាពីរក្រុមគឺក្រុមសត្វឥតឆ្អឹងកង និងក្រុមសត្វឆ្អឹងកង។

១-សត្វឥតឆ្អឹងកង

សត្វឥតឆ្អឹងកងជាសត្វគ្មានឆ្អឹងកងខ្នង។ ក្រុមសត្វឥតឆ្អឹងកងរួមមាន សាខាអេប៉ុង សាខាអេគីណូឌែម សាខាដង្កូវខ្លួនមូល សាខាដង្កូវខ្លួនកង់ សាខាដង្កូវខ្លួនសប៉ែត សាខាអាកត្រូប៉ូត សាខាស្នីដារីយ៉ា និងសាខាសិប្បីសត្វ។

១.១.ដង្កូវខ្លួនសំប៉ែត

  • មានរាងសំប៉ែត ទន់ ខ្លះវែងខ្លះខ្លី
  • រស់នៅដោយសេរី ខ្លះជាបរាសិតក្នុងសារពាង្គកាយធ្មួល
  • សត្វទ្វេភេទ
  • ឧទាហរណ៍ៈ ផ្លានែ ដង្កូវក្នុងថ្លើម តេញ៉ា...។
+វដ្ដជីវិតរបស់ដង្កូវក្នុងឈាមៈ ពឹកផ្អែកលើសារពាង្គកាយមនុស្សនិងសត្វខ្យង។ ដង្កូវពេញវ័យ រស់នៅនិងបន្តពូជក្នុងពោះវៀនមនុស្សនិងក្នុងសរសៃឈាម។ ក្រោយការបង្កកំណើត ស៊ីកូតធ្លាក់មកក្រៅតាមលាមកឬតាមទឹកនោម។ ស៊ីកូតក៏ញាស់ក្លាយជាកូនញាស់ហែលក្នុងទឹក ហើយឆ្លងទៅធ្មួលកណ្ដាលដែលជាទូទៅជាសត្វខ្យង។ កូនញាស់លូតលាស់បន្តទៀត រួចចេញពីសត្វខ្យងទៅក្នុងទឹក។ ទីបំផុត វាឆ្លងទៅមនុស្សវិញតាមស្បែកឬផ្លូវអាហារ។
វដ្ដជីវិតដង្កូវក្នុងឈាម
វដ្ដជីវិតដង្កូវក្នុងឈាម

+វដ្ដជីវិតរបស់តេញ៉ាៈតេញ៉ាបរាសិតក្នុងខ្លួនមនុស្ស គោ​ ជ្រូក ឆ្កែ....។ វាភ្ជាប់ខ្លួននឹងពោះវៀនមនុស្សដោយសាឈ្នប់និងទំពក់។ កង់កន្ទុយរបស់វាទុំមុនគេ ហើយផ្ទុកទៅដោយស៊ុត។ កង់កន្ទុយដាច់ធ្លាក់ចេញមកក្រៅតាមលាមក រួចបែកបញ្ចេញស៊ុតរាយប៉ាយលើដី លើស្មៅ និងក្នុងទឹក។ កាលណាធ្មួលកណ្ដាល(គោ ជ្រូក ឬឆ្កែ) លេបដោយពងតេញ៉ា ពងនោះក៏ញាស់ហើយលូតលាស់ជាគីសឬចុងអង្ករតេញ៉ា ចូលទៅក្នុងសាច់ដុំធ្មួល។ កាលណាមនុស្សបរិភោគសាច់គោ ឬសាច់ជ្រូកឆៅឬចម្អិនមិនបានឆ្អិនល្អ ដែលមានផ្ទុកកូនញាស់ នោះកូនញាស់ក៏ចូលទៅក្នុងពោះវៀនមនុស្ស ហើយលូតលាស់ជាតេញ៉ាពេញវ័យ។

វដ្ដជីវិតតេញ៉ា
វដ្ដជីវិតតេញ៉ា

១.២.ដង្កូវខ្លួនមូល

  • ខ្លួនរាងមូល ស្រួចចុងស្រួចដើម
  • រស់នៅក្នុងទឹក​លើដី ខ្លះបរាសិតក្នុងសារពាង្គកាយដទៃ
  • សត្វឯកភេទ បន្តពូជដោយភេទ
  • ឧទាហរណ៍ៈ ព្រូន អៀន
+វដ្ដជីវិតរបស់ព្រូនៈ ព្រូនបរាសិតលើមនុស្សចាស់និងកូនក្មេង។ កាលណាមនុស្សបរិភោគអាហារឬទឹកមិនស្អាតមានពងព្រូន ស៊ុតក៏ញាស់នៅក្នុងពោះវៀនតូចហើយលូតលាស់នៅទីនោះ។ បន្ទាប់មក កូនញាស់ទម្លុះផ្ទៃពោះវៀនចូលទៅក្នុងសរសៃឈាម ហើយធ្វើដំណើរទៅថ្លើមរួចទៅសួត។ បន្ទាប់មកទៀត វាបន្តទៅបំពង់ក ហើយត្រូវបានលេបទម្លាក់មកក្នុងពោះវៀនវិញ។ វាលូតលាស់ក្លាយជាព្រូនពេញវ័យ ហើយរស់នៅនិងបន្តពូជក្នុងពោះវៀនតូច។​ ទីបំផុត ពងព្រូនក៏ធ្លាក់មកក្រៅវិញតាមលាមក។
វដ្ដជីវិតរបស់ព្រូន
វដ្ដជីវិតរបស់ព្រូន

១.៣.ដង្កូវខ្លួនកង់

  • មានរាងមូល ស្រួចចុង​ស្រួចដើម ហើយមានខ្លួនខណ្ឌជាកង់ៗ ខ្លះវែងខ្លះខ្លី
  • រស់នៅកន្លែងសើម​ ក្នុងសួនច្បារឬក្នុងដីសើម ក្បែរបឹងឬទន្លេ
  • +ជន្លេន
  • សត្វទ្វេភេទ តែមិនស្វ័យបង្កកំណើត
  • រស់នៅក្នុងដីសើម
  • ស្បែកសើម ហើយស្ដើង
  • ធ្វើបណ្ដូរឧស្ម័នតាមស្បែក
  • ប្រដាប់របត់ឈាមបិទ​(ឈាមរត់ក្នុងសរសៃឈាមបិទជិត)
  • បន្តពូជដោយពាក់គ្នា ដោយភ្ជាប់ផ្នែកពោះនិងផ្នែកក្បាល ហើយប្តូរកាម៉ែតគ្នា។ ជន្លេននីមួយៗរក្សាកាម៉ែតក្នុងថង់ពិសេសមួយ។ ស៊ុតបង្កកំណើតរុំព័ទ្ធដោយជាតិស្លេស្មខាប់ដែលបញ្ចេញដោយចង្កំ សម្រាប់ការពារស៊ុត។ ស៊ុតក្លាយជាកូនញាស់ ហើយលូតលាស់ជាជន្លេនពេញវ័យ។
  • វាជាដង្កូវខ្លួនកងមានប្រយោជន៍ដូចជា ជាចំណីត្រី បក្សី និងសត្វផ្សេងទៀត។ វាស៊ីដី ស្លឹកឈើនិងរូបធាតុរលួយដែលជួយឱ្យដីធូរ និងមានជីជាតិ។ ម្យ៉ាងទៀត គេអាចចិញ្ចឹមជន្លេនសម្រាប់ជានុយ ជី និងអាចលក់បានក្នុងកម្រៃសមល្មម។
ជន្លេន
រូបផ្គុំនិងការបន្តពូជរបស់ជន្លេន

២-សត្វឆ្អឹងកង

  • សត្វមានឆ្អឹងខ្នងនិងពួរឆ្អឹងខ្នង
  • មាន៥ថ្នាក់រួមមាន ថ្នាក់ត្រី ថ្នាក់អំភីប ថ្នាក់ល្មូន ថ្នាក់បក្សី និងថ្នាក់ថនិកសត្វ។

២.១.ថ្នាក់ត្រី

  • សត្វឆ្អឹងកងអថេរកម្ដៅ រស់នៅក្នុងទឹក
  • សារពាង្គកាយគ្របដណ្ដប់ដោយស្រកាស្ដើង ខ្លះគ្មានស្រកា និងមានជាតិរំអិលសម្រួលការហែល
  • ដកដង្ហើមតាមស្រកី
  • បង្កកំណើតក្រៅ
  • មានព្រុយសម្រាប់ហែល
  • ប្រដាប់របត់ឈាមបិទ របត់ឈាមទោល បេះដូងមានពីរថត

ក.រូបផ្គុំរបស់ត្រី

រូបផ្គុំរបស់ត្រី

ខ.ប្រដាប់របត់ឈាម

ប្រដាប់របត់ឈាមត្រី
ប្រដាប់របត់ឈាមត្រី

  • ត្រីមានប្រដាប់របត់ឈាមបិទ របត់ឈាមទោល ដែលបេះដូងមានពីរថតគឺថតលើមួយនិងថតក្រោមមួយ។
  • ដំណើររបត់ឈាមៈ ដំបូង ឈាមខ្សត់អុកស៊ីសែនចេញពីបេះដូងទៅកាន់ស្រកី។ សរសៃឈាមស្រកីរំដោះឧស្ម័នកាបូនិចទៅក្នុងទឹក​ដោយចាប់យកឧស្ម័នអុកស៊ីសែនពីទឹកមកវិញ។ បន្ទាប់មក ឈាមសម្បូរអុកស៊ីសែនក៏ធ្វើដំណើរចេញពីស្រកីទៅកាន់ជាលិកាផ្សេងៗ ហើយរំដោះអុកស៊ីសែនទៅឱ្យជាលិកាទាំងនោះ ដោយចាប់យកឧស្ម័នកាបូនិចមកវិញ។ ទីបំផុត ឈាមខ្សត់អុកស៊ីសែនក៏ត្រឡប់ពីជាលិកាផ្សេងៗរបស់សារពាង្គកាយចូលមកក្នុងបេះដូង។

គ.ការបន្តពូជ

ត្រីបន្តពូជដោយភេទតាមការបង្កកំណើតក្រៅ។ ដំបូង ត្រីញីបញ្ចេញស៊ុតមកក្រៅ ហើយត្រីឈ្មោលក៏បញ្ចេញស្ពែម៉ាតូសូអ៊ីតទៅលើស៊ុតទាំងនោះ។ ក្រោយការបង្កកំណើត ស៊ីកូតក្លាយជាកូនញាស់ចិញ្ចឹមជីវិតដោយអាហារបម្រុងក្នុងថ្នក់ពោះវៀនរបស់វា និងបន្តលូតលាស់ធំធាត់រហូតក្លាយជាត្រីពេញវ័យ។

២.២.ថ្នាក់អំភីប

  • សត្វឆ្អឹងកងអថេរកម្ដៅ រស់នៅលើគោកផងនិងក្នុងទឹកផង
  • មានស្បែកសើម
  • វដ្ដជីវិតឆ្លងកាត់បម្រែរូប
  • កូនញាស់ដកដង្ហើមតាមស្រកី ឯសត្វពេញវ័យដកដង្ហើមតាមស្បែកនិងសួត
  • សត្វឯកភេទ បង្កកំណើតក្រៅ

ក.រូបផ្គុំ

រូបផ្គកង្កែប
រូបផ្គកង្កែប

ខ.ប្រដាប់របត់ឈាម

  • ប្រដាប់របត់ឈាមបិទ
  • របត់ឈាមកូនក្អុកៈ ដំបូងឈាមចេញពីបេះដូងទៅកាន់ស្រកី រួចចេញពីស្រកីទៅផ្នែកផ្សេងៗរបស់សារពាង្គកាយ។ បន្ទាប់មក ក៏ត្រឡប់ចូលបេះដូងវិញ។ ដូចនេះ របត់ឈាមកូនក្អុកជារបត់ឈាមទោលដូចរបត់ឈាមត្រីដែរ។
  • របត់ឈាមកង្កែបពេញវ័យៈ មានប្រដាប់របត់ឈាមទ្វេ។ ដំបូងឈាមចេញពីថតក្រោមបេះដូងទៅសួតឬស្បែក រួចត្រឡប់ចូលថតលើឆ្វេងបេះដូងរួចទៅថតក្រោម។ បន្ទាប់មក ឈាមចេញពីថតក្រោមបេះដូងទៅជាលិកាផ្សេងៗ រួចត្រឡប់ចូលថតលើស្ដាំបេះដូង បន្ទាប់មកទៅថតក្រោម។

គ.ការបន្តពូជនិងការលូតលាស់

កង្កែបបន្តពូជនៅរដូវភ្លៀង។ កង្កែបឈ្មលឱបរឹតកង្កែបញី ហើយកង្កែបញីបញ្ចេញពងទៅក្នុងទឹក ឯកង្កែបឈ្មោលបញ្ចេញស្ពែម៉ាតូសូអ៊ីតទៅលើពងទាំងនោះ។ បន្ទាប់មកការបង្កកំណើតក៏ប្រព្រឹត្តទៅក្រៅខ្លួនសត្វញីបង្កើតបានស៊ីកូត(ឬស៊ុតបង្កកំណើត)។ ស៊ីកូតញាស់ជាកូនញាស់ រស់នៅក្នុងទឹកហើយដកដង្ហើមតាមស្រកី។ កូនក្អុកលូតលាស់ហើយរងបម្រែរូប។ វាដុះជើងក្រោយ រួចជើងមុខ ឯកន្ទុយរួញបាត់បន្ដិចម្ដងៗរហូតអស់។ ក្នុងពេលនេះដែរ សួតរបស់វាកើតឡើង ហើយក្លាយជាកង្កែបដែលអាចរស់នៅលើគោកផងនិងក្នុងទឹកផង។


២.៣-ថ្នាក់ល្មូន

  • សត្វឆ្អឹងកងអថេរកម្ដៅ
  • ដកដង្ហើមតាមសួត
  • មានស្បែកស្ងួត គ្មានស្រកី ដណ្ដប់ដោយស្រកាក្រាស់
  • គ្មានបម្រែរូបដូចកង្កែបទេ
  • សត្វឯកភេទ បង្កកំណើតក្នុង
  • បេះដូងមានបីថត
  • រស់លើគោក ខ្លះក្នុងទឹក ឯខ្លះអាចនៅលើគោកផងក្នុងទឹកផង

៣.៤-ថ្នាក់បក្សី

  • សត្វឆ្អឹងកងថេរកម្ដៅ
  • អវយវៈមុខជាផ្ទាំងស្លាប បន្ស៊ាំខ្លួននឹងការហើរ
  • បង្កកំណើតក្នុងហើយពងមកក្រៅ
  • ខ្លួនគ្របដណ្ដាប់ដោយស្លាបនិងរោម
  • ជើងមានស្រកា
  • អំប្រ៊ីយ៉ុងមានទឹកភ្លោះ
  • បេះដូងមាន៤ថត គឺថតលើពីរនិងថតក្រោមពីរ
  • ដកដង្ហើមតាមសួត

ក.ប្រដាប់របត់ឈាមនិងប្រដាប់ដង្ហើម

បក្សីមានប្រដាប់របត់ឈាមបិទ ដំណើររបត់ឈាមទោល បេះដូងមាន៤ថត។
+ដំណើររបត់ឈាមបក្សីៈ


  • របត់ឈាមទី១ ឬរបត់ឈាមសួតៈ ឈាមខ្សត់អុកស៊ីសែន ចេញពីថតក្រោមស្ដាំទៅកាន់សួត ហើយរំដោះឧស្ម័នកាបូនិចទៅឱ្យសរសៃប្តូរសួត ដោយចាប់យកអុកស៊ីសែនពីសួតមិនវិញ។ បន្ទាប់មក ឈាមសម្បូរអុកស៊ីសែន ក៏ចេញពីសួតចូលថតលើឆ្វេងបេះដូង រួចទៅថតក្រោម។
  • របត់ឈាមទី២ឬរបស់ឈាមវែងៈ ឈាមសម្បូរអុកស៊ីសែន ចេញពីថតក្រោមឆ្វេងទៅកាន់ជាលិកាផ្សេងៗរបស់សារពាង្គកាយ រួចបោះបង់ឧស្ម័នអុកស៊ីសែនទៅឱ្យជាលិកាទាំងនោះ ដោយចាប់យកឧស្ម័នកាបូនិចមកវិញ។ បន្ទាប់មក​ ឈាមខ្សត់អុកស៊ីសែនក៏ធ្វើដំណើរត្រឡប់ពីជាលិកាផ្សេងៗចូលទៅក្នុងថតលើស្ដាំបេះដូង រួចទៅថតក្រោម។

ខ.ការបន្តពូជនិងការលូតលាស់របស់បក្សី

បក្សីបន្តពូជដោយភេទ ដោយការបង្កកំណើតក្នុង។ បក្សីមេត្រូវពងចេញមកក្រៅ ហើយពងរបស់វាត្រូវបានក្រាបដោយមេឬបាដើម្បីផ្ដល់កម្ដៅរហូតដល់ស៊ុតញាស់។ នៅពេលញាស់ កូនបក្សីចោះសំបកពងចេញមកក្រៅ។ ក្រោយញាស់ កូនបក្សីខ្លះ(មាន់ ទា...).អាចរកចំណីដោយខ្លួនឯង ឯកូនបក្សីខ្លះទៀត(ព្រាប លលក ចាប...) ត្រូវការមេរកចំណីមកបញ្ចុករហូតវាចេះហើយបាន។

២.៥-ថ្នាក់ថនិកសត្វ

  • សត្វឆ្អឹងកងថេរកម្ដៅ
  • ខ្លួនគ្របដណ្ដប់ដោយរោម
  • ចិញ្ចឹមកូនដោយទឹកដោះ
  • ស្បែកមានក្រពេញញើស
  • ខ្លះរស់នៅលើគោក(មនុស្ស គោ ឆ្មា...) ខ្លះរស់នៅក្នុងទឹក(បាឡែន) ហើយខ្លះអាចហើរបាន(ប្រចៀវ)
  • ភាគច្រើនផ្លាស់ទីដោយដើរ
  • សត្វឯកភេទ បង្កកំណើតក្នុង
  • បេះដូងមាន៤ថត
  • ដកដង្ហើមតាមសួត
  • អំប្រ៊ីយ៉ុងមានទឹកភ្លោះ ហើយលូតលាស់ក្នុងស្បូន

ក.រូបផ្គុំថនិកសត្វ

សារពាង្គកាយមានផ្នែកក្បាល ដងខ្លួន និងអវយវៈ។ ដងខ្លួនមានសន្ទះទ្រូងដែលខណ្ឌចែកសរីរាង្គក្នុងប្រអប់ទ្រូងនិងក្នុងពោះ។ ក្នុងប្រអប់ទ្រូងមានបេះដូង សួត បំពង់ខ្យល់ បំពង់អាហារ និងសរសៃឈាម។ ក្នុងពោះមានក្រពះ ពោះវៀន ថ្លើម លំពែង តម្រងនោម ផាល ប្លោកនោម និងអូវែ(ថនិកសត្វញី)។

ខ.ប្រដាប់របត់ឈាម

ប្រដាប់របត់ឈាមបិទ ដំណើររបត់ឈាមទ្វេរ បេះដូងមាន៤ថត។ ដំណើររបស់ឈាមប្រព្រឹត្តទៅតាមលំនាំដូចរបស់ឈាមរបស់បក្សីដែរ។

គ. ការបន្តពូជ

ការបង្កកំណើតរបស់ថនិកសត្វប្រព្រឹត្តទៅនៅក្នុងខ្លួនសត្វញី។ អំប្រ៊ីយ៉ុងលូតលាស់ក្នុងស្បូន ហើយចិញ្ចឹមជីវិតដោយពឹកផ្អែកលើសុករបស់សត្វញី រហូតប្រព័ន្ធសរីរាង្គទាំងឡាយដំណើរការដោយឯករាជ្យ។ ក្រោយពេលកើត ទារកចិញ្ចឹមជីវិតដោយទឹកដោះម្ដាយ រហូតអាចបរិភោគអាហារផ្សេងបាន។