សេចក្ដីផ្ដើមៈ ជីវវិទ្យា


១. និយមន័យ

ជីវវិទ្យា ជាវិទ្យាសាស្ត្រដែលសិក្សាអំពីជីវិតឬភាវរស់។ ភាវរស់ ជាភាវៈទាំងឡាយណាដែលមានជីវិតរួមមាន បាក់តេរី ប្រូទីស ផ្សិត រុក្ខជាតិ និងសត្វ។

២. លក្ខណៈពិសេសនៃជីវិត

គេអាចសម្គាល់ថា អ្វីមួយជាភាវរស់ដោយផ្អែកលើលក្ខណៈមួយចំនួនដូចជា រូបផ្គុំសារពាង្គកាយ តំណបរំញោច តម្រូវការថាមពល ការលូតលាស់និងធំធាត់ ការបន្តពូជ ការរក្សាថេរលំនឹង និងវិវត្តន៍។ លក្ខណៈទាំងនេះ ជាលក្ខណៈពិសេសរបស់ភាវរស់។

ក. រូបផ្គុំ

គ្រប់ភាវរស់ បង្កឡើងពីកោសិកា។ សារពាង្គកាយដែលបង្កឡើងពីកោសិកាតែមួយហៅថា សារពាង្គកាយឯកកោសិកា ដូចជា បាក់តេរី ប្រូទីស ខ្លះ(អាមីប ប៉ារ៉ាមេស៊ី ប្លាស្មូដ្យូម...) និងផ្សិតមួយចំនួន(ដំបែរ)។ ឯសារពាង្គកាយដែលបង្កឡើងពីកោសិកាជាច្រើនហៅថា សារពាង្គកាយពហុកោសិកា ដូចជា មនុស្ស សត្វ រុក្ខជាតិ ផ្សិតមួយចំនួន(ផ្សិតចំបើង ផ្សិតត្រចៀកកណ្ដុរ...)។

ខ. តំណបរំញោច

        រំញោច ជាបម្រែបម្រួលក្នុងមជ្ឈដ្ឋានដែលអាចធ្វើឲ្យកោសិកានៃសារពាង្គកាយមានប្រតិកម្មឬតំណប។ ឧទាហរណ៍ៈ សីតុណ្ហភាព ពន្លឺ សំឡេង សម្ពាធ ឧស្ម័ន សារធាតុចិញ្ចឹម pH...។ ប្រតិកម្មរបស់សារពាង្គកាយទៅនឹងរំញោចនៃមជ្ឈដ្ឋានហៅថា តំណបរំញោច។ ឧទាហរណ៍ៈ ការដកដៃចេញពីវត្ថុក្ដៅ។ សីតុណ្ហភាពរបស់វត្ថុក្ដៅ ធ្វើឱ្យដៃមានប្រតិកម្មដកចេញយ៉ាងរហ័សពីវត្ថុក្ដៅនោះ។ ដូចនេះ សីតុណ្ហភាពក្ដៅ ជារំញោច ឯការដកដៃចេញជា តំណបរំញោច។ តំណបរំញោចផ្សេងទៀតមាន ការភ្ញាក់នឹងសំឡេងរថយន្ត តំណបរបស់រុក្ខជាតិទៅនឹងពន្លឺ តំណបស្លឹកកញ្ឆែតទៅនឹងការប៉ះ...។

គ. តម្រូវការថាមពល

        គ្រប់ភាវរស់ប្រើប្រាស់ថាមពលសម្រាប់សកម្មភាពនានានៃជីវិតដូចជា ការលូតលាស់ធំធាត់ ការធ្វើចលនា បំលាស់ទី ការរំលាយអាហារ ការបញ្ចេញចោល និងការបន្តពូជជាដើម។ ផ្អែកតាមរបៀបទទួលបានថាមពលអាហារពីក្នុងបរិស្ថាន គេបែងចែកភាវរស់ជា អ្នកផលិត អ្នកស៊ី និងអ្នកបំបែក។

  • អ្នកផលិត ជាសារពាង្គកាយស្វ័យជីព ទទួលបានអាហារដែលវាអាចផលិតបានដោយខ្លួនឯង។ ឧទាហរណ៍ៈ រុក្ខជាតិ បាក់តេរីស្វ័យជីព និងប្រូទីសរុក្ខជាតិ ជាអ្នកផលិត។
  • អ្នកស៊ី ឬអ្នកប្រើប្រាស់ ជាសារពាង្គកាយដែលមិនអាចផលិតអាហារបានទេ។ វាទទួលបានអាហារដោយការស៊ីអ្នកផលិតដោយផ្ទាល់ឬដោយប្រយោល។ មនុស្ស និងសត្វជាអ្នកស៊ី។
  • អ្នកបំបែក ឬសាប្រូភីត ជាសារពាង្គកាយដែលទទួលបានសារធាតុចិញ្ចឹមពីការបំបែកសាកសពសត្វ សំណល់រុក្ខជាតិ ឬសំណល់សរីរាង្គដទៃទៀតឲ្យពុករលួយ។ ឧទាហរណ៍ៈ បាក់តេរីខ្លះ និងផ្សិតភាគច្រើន។

ឃ. ការលូតលាស់ធំធាត់

        ការលូតលាស់ ជាការផ្លាស់ប្តូរក្នុងរយៈពេលនៃជីវិតដើម្បីក្លាយជាសារពាង្គកាយពេញលេញឬពេញវ័យ។ ចំណែក ការធំធាត់ ជាលំនាំដែលសារពាង្គកាយក្លាយជាធំ។ ឧទាហរណ៍ៈ ដឹកឌឿ ធំធាត់ ហើយលូតលាស់ដោយសរីរាង្គផ្សេងៗចាប់ផ្ដើមអាចបំពេញនាទីពេញលេញ ក្លាយជាមេអំបៅ។


ង. ការបន្តពូជ

        ភាវរស់ត្រូវធ្វើការបន្តពូជដើម្បីបង្កើតកូនចៅ និងរក្សានូវពូជពង្សឬប្រភេទរបស់ខ្លួនដោយមេបា បញ្ជូននូវលក្ខណៈរបស់ខ្លួនទៅឱ្យកូនចៅសន្ដានក្រោយ។ ការបន្តពូជរបស់ភាវរស់ប្រព្រឹត្តទៅតាមពីររបៀបផ្សេងៗគ្នាគឺ ខ្លះបន្តពូជដោយភេទ និងខ្លះបន្តពូជដោយឥតភេទ។ តែភាវរស់ខ្លះអាចបន្តពូជបានតាមពីររបៀបនេះក្នុងលក្ខខណ្ឌផ្សេងៗគ្នា។

ច. ការរក្សាថេរលំនឹង

        ភាវរស់ មានសមត្ថភាពរក្សាលំនឹងលក្ខខណ្ឌក្នុងសារពាង្គកាយដើម្បីអាចបន្ស៊ាំទៅនឹងមជ្ឈដ្ឋានរស់នៅ។ ឧទាហរណ៍ៈ ការររក្សាលំនឹងទឹក លំនឹងpH ការតម្រូវកម្រិតជាតិស្ករ និងការរក្សាសីតុណ្ហភាពរាងកាយជាដើម។

ឆ. វិវត្តន៍

        ភាវរស់ បន្ស៊ាំទៅនឹងបម្រែបម្រួលនៃមជ្ឈដ្ឋានក្នុងរយៈពេលយូរ ដើម្បីអាចរស់រានមានជីវិត ហើយបន្តពូជ និងអាចរស់នៅបានកាន់តែប្រសើរជាងមុន។


៣. មីក្រូទស្សន៍


        មីក្រូទស្សន៍ ជាឧបករណ៍ប្រើកែវពង្រីក ដែលអាចពង្រីកវត្ថុតូចឲ្យទៅជាធំបាន។ អ្នកវិទ្យាសាស្ត្រ បង្កើតមីក្រូទស្សន៍ឡើងដើម្បី សិក្សាស្រាវជ្រាវមើលសារពាង្គកាយតូចល្អិត និងសិក្សាពីទម្រង់លំអិតរបស់កោសិកា។ មីក្រូទស្សន៍មានពីរប្រភេទធំៗគឺ៖

  • មីក្រូទស្សអុបទិច
  • មីក្រូទស្សន៍អេឡិចត្រូនិច

៣.១. មីក្រូទស្សន៍សមាស

        មីក្រូទស្សន៍សមាស ជាមីក្រូទស្សន៍ប្រើកែវពង្រីកលើសពីមួយ ហើយអាចពង្រីករូបភាពនៃវត្ថុបានធំជាងរូបភាពនៃវត្ថុដែលពង្រីកដោយមីក្រូទស្សន៍ប្រើកែវពង្រីកតែមួយ។

៣.២. ផ្នែកផ្សេងៗនៃមីក្រូទស្សន៍និងនាទីរបស់វា

  1. ដៃ ទ្របំពង់អូគុយលែ
  2. អូគុយលែ ឆ្លុះមើលរូបភាពពិត
  3. បំពង់អូគុយលែ ស្ថិតនៅចម្ងាយសមស្របចន្លោះអូគុយលែនិងអុបសិចទីប
  4. អុបសិចទីប បំពង់កែវពង្រីក មានអានុភាពពង្រីកធំ និងអានុភាពពង្រីកតូច
  5. រ៉ឺស័រ សម្រាប់កៀបបន្ទះកញ្ចក់ឲ្យជាប់នៅលើថាស
  6. ឆ្នាប់បង្វិល ភ្ជាប់បំពង់អូគុយលែនិងអុបសិចទីបសម្រាប់បង្វិលប្តូរ អុបសិចទីបពេលមើលរូបភាព
  7. ថាស បន្ទះខ្មៅ៤ជ្រុងសម្រាប់ដាក់បន្ទះកញ្ចក់
  8. ដ្យាប្រាម តម្រូវអាំងតង់ស៊ីតេពន្លឺចូលក្នុងបំពង់អូគុយលែ
  9. កញ្ចក់ទេរ ទាញពន្លឺចូលទៅក្នុងដ្យាប្រាម បន្ទះកញ្ចក់ និងកែវពង្រីកអូគុយលែ
  10. បាត ទ្រមីក្រូទស្សន៍
  11. វីសធំ មួលលើកបំពង់អូគុយលែឡើងនិងដាក់ចុះ
  12. វីសតូច មួលសម្រួលគំហើញវត្ថុពិសោធន៍ឱ្យច្បាស់