ជំពូក៣
មេរៀនទី១ រស្មីសំយោគ
១-ហេតុអ្វីបានជាភាវរស់ត្រូវការថាមពល?
ព្រោះកោសិកានៃសារពាង្គកាយប្រើប្រាស់ថាមពលនៅពេលកោសិកាត្រូវការដើម្បីពំពេញសកម្មភាពផ្សេងៗចាំបាច់នៃជីវិត ដូចជា ការលូតលាស់ធំធាត់ ការបន្តពូជ ការរំលាយអាហារ ការបញ្ចេញចោល ដំណកដង្ហើម បំលាស់ទី ការធ្វើចលនា...។
២-តើជាតិពណ៌បៃតងក្នុងស្លឹករុក្ខជាតិមានឈ្មោះអ្វី? ស្តុកទុកនៅកន្លែងណា? វាមាននាទីដូចម្ដេច?
មានឈ្មោះថា ក្លរ៉ូភីល ស្តុកទុកនៅក្នុងក្លរ៉ូប្លាសនៃកោសិកា។ ជាតិពណ៌នេះ មាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យស្តុកទុកសម្រាប់ប្រើប្រាស់ក្នុងដំណើររស្មីសំយោគ។
៣-តើរុក្ខជាតិទទួលបានថាមពលយ៉ាងដូចម្ដេច?
រុក្ខជាតិទទួលបានថាមពលដោយផ្ទាល់ពីពន្លឺព្រះអាទិត្យនៅពេលធ្វើរស្មីសំយោគ។
៤-ដូចម្ដេចហៅថា រស្មីសំយោគ? ចូរពណ៌នាពីដំណាក់កាលទី១និងទី២នៃដំណើររស្មីសំយោគ។
រស្មីសំយោគ ជាដំណើរការដែលកោសិកាចាប់យកថាមពលពន្លឺព្រះអាទិត្យ ហើយប្រើប្រាស់ថាមពលនេះដើម្បីផលិតអាហារចេញពីកាបូនឌីអុកស៊ីដនិងទឹក។ ដំណើររស្មីសំយោគមាន ២ ដំណាក់កាលគឺ៖
- ដំណាក់កាលទី១៖ការស្រូបថាមពលពន្លឺពីព្រះអាទិត្យៈ កោសិកាប្រើប្រាស់ក្លរ៉ូភីលសម្រាប់ចាប់យកថាមពលពន្លឺពីព្រះអាទិត្យ ហើយបំប្លែងថាមពលនេះទៅជាថាមពលគីមី។
- ដំណាក់កាលទី២៖ ការផលិតគ្លុយកូសៈ កើតមាននៅក្នុងក្លរ៉ូប្លាសនៃកោសិកា ដោយត្រូវការរូបធាតុដើមពីរគឺទឹក និងកាបូនឌីអុកស៊ីដ។ ក្នុងដំណាក់កាលនេះ ថាមពលគីមីបានពីដំណាក់កាលទី១ ត្រូវបានប្រើសម្រាប់រួមផ្សំរវាងកាបូនឌីអុកស៊ីដនិងទឹក ហើយបង្កើតបានគ្លុយកូស និងអុកស៊ីសែ។
៥-ចូរសរសេរសមីការសង្ខេបដំណើររស្មីសំយោគ។
៦-តើសារធាតុចាំបាច់សម្រាប់រស្មីសំយោគមានអ្វីខ្លះ?
ទឹក(H₂O) និងកាបូនឌីអុកស៊ីដ(CO₂)
៧-តើផលិតផលរបស់រស្មីសំយោគមានអ្វីខ្លះ?
គ្លុយកូស(C6H12O6) និងអុកស៊ីសែន(O₂)
៨-ហេតុអ្វីបានជារុក្ខជាតិត្រូវការទឹកជាចាំបាច់?
ព្រោះទឹកជារូបធាតុដើមដ៏សំខាន់សម្រាប់ដំណើររស្មីសំយោគ ទឹកជួយរក្សាសំណើម និងសីតុណ្ហភាព ហើយជួយរក្សាលំនឹងប្រតិកម្មគីមីផ្សេងៗក្នុងកោសិកា ព្រមទាំង ជាសារធាតុរំលាយ អាចពង្រាវសូលុយល្យុង។
៩-តើផលិតផលនៃដំណើររស្មីសំយោគ មានប្រយោជន៍យ៉ាងដូចម្ដេច?
- គ្លុយកូស ជាប្រភពថាមពលចម្បង។ គ្លុយកូសមួយចំនួន ត្រូវបំប្លែងជាសមាសធាតុផ្សេងៗ ដូចជា សែលុយឡូស ប្រូតេអ៊ីន និងលីពីដជាដើម សម្រាប់ការលូតលាស់និងទ្រទ្រង់សារពាង្គកាយ។ ឯគ្លុយកូសលើស ត្រូវបានស្តុកទុកក្នុងទម្រង់ជាអាហារបម្រុងសម្រាប់តម្រូវការនៅពេលក្រោយ។
- អុកស៊ីសែន ចាំបាច់ក្នុងដង្ហើមកោសិកាដើម្បីបញ្ចេញថាមពល។ វាជួយឱ្យខ្យល់អាកាសបរិសុទ្ធ ហើយចូលរួមរក្សាស្ថេរភាពនៃកាបូនឌីអុកស៊ីដនិងអុកស៊ីសែនក្នុងបរិយាកាសផែនដី។
១០-តើកត្តាអ្វីខ្លះមានឥទ្ធិពលទៅលើដំណើររស្មីសំយោគ?
- អាំងតង់ស៊ីតេពន្លឺ
- សីតុណ្ហភាព
- បរិមាណឧស្ម័នកាបូនិក
- ទឹកនិងសារធាតុខនិក។
១១-ហេតុអ្វីបានជាគេថា ដំណើររស្មីសំយោគ ជាដំណើរស្រូបថាមពល?
ពីព្រោះ ប្រភពថាមពលដំបូងនៃដំណើររស្មីសំយោគគឺជា ថាមពលពន្លឺព្រះអាទិត្យ ដែលត្រូវបានស្រូបយកដោយជាតិពណ៌បៃតងហៅថា ក្លរ៉ូភីល។ បន្ទាប់មក ថាមពលនេះ ត្រូវបានបំប្លែងជាថាមពលគីមីសម្រាប់ភ្ជាប់កាបូនឌីអុកស៊ីដនិងទឹកឱ្យទៅជាគ្លុយកូសនិងអុកស៊ីសែន។
ចុចមើលខ្លឹមសារមេរៀន រស្មីសំយោគ