ជំពូក៣ មេតាបូលីស

មេតាបូលីស ជាសំណុំប្រតិកម្មគីមីដែលកើតមាននៅក្នុងសារពាង្គកាយ។ មេតាបូលីសមានពីរប្រភេទគឺ ប្រតិកម្មបំបែក(កាតាបូលីស) និងប្រតិកម្មសំយោគ(អាណាបូលីស)។

មេរៀនទី១ រស្មីសំយោគ

១-ប្រភពថាមពល

ភាវរស់ស្ទើរតែទាំងអស់ទទួលបានថាមពលដោយផ្ទាល់ឬប្រយោលពីថាមពលពន្លឺព្រះអាទិត្យ។ ផ្អែកតាមរបៀបទទួលបានថាមពលពីបរិស្ថាន គេចែកភាវរស់ជា ភាវរស់បរជីព និងភាវរស់ស្វ័យជីព។ ភាវរស់បរជីព មិនអាចផលិតអាហារដោយខ្លួនឯងបានទេ គឺវាត្រូវទទួលបានថាមពលពីសារពាង្គកាយដទៃ។ បរជីពខ្លះជាអ្នកស៊ី ខ្លះជាសាប្រូភីត(អ្នកបំបែក) និងខ្លះទៀតជាបរាសិត(ពឹងអាហារពីធ្មួល)។ ​ចំណែកសារពាង្គកាយស្វ័យជីព ជាសារពាង្គកាយដែលអាចផលិតអាហាររបស់ខ្លួនដោយខ្លួនឯង។ រុក្ខជាតិនិងប្រូទីសរុក្ខជាតិផលិតអាហាររបស់វាតាមដំណើររស្មីសំយោគ។

២-រស្មីសំយោគជាអ្វី?

ដំណើរការដែលកោសិកាចាប់យកថាមពលពន្លឺពីព្រះអាទិត្យ​ហើយប្រើប្រាស់ថាមពលនេះដើម្បីផលិតគ្លុយកូសចេញពីឧស្ម័នកាបូនិក និងទឹក ហៅថា រស្មីសំយោគ

៣-ដំណាក់កាលទាំងពីរនៃរស្មីសំយោគ

៣.១-ដំណាក់កាលទី១៖ ការចាប់យកថាមពលពន្លឺព្រះអាទិត្យ

កោសិកាប្រើប្រាស់ក្លរ៉ូភីលដែលជាជាតិពណ៌បៃតងក្នុងក្លរ៉ូប្លាសនៃកោសិកាសម្រាប់ចាប់យកថាមពលពន្លឺពីព្រះអាទិត្យ​​ ហើយបំប្លែងជាថាមពលគីមី។

ដំណាក់កាលទាំងពីរនៃរស្មីសំយោគ
ដំណាក់កាលទាំងពីរនៃរស្មីសំយោគ

៣.២-ដំណាក់កាលទី២ ៖ ការប្រើប្រាស់ថាមពលសម្រាប់ផលិតអាហារ

កោសិកាត្រូវការនូវរូបធាតុដើមពីរគឺទឹក(H₂O) និងឧស្ម័នកាបូនិក(CO₂)។ ក្នុងដំណាក់កាលនេះ ថាមពលទទួលបានពីដំណាក់កាលទី១ ត្រូវបានប្រើក្នុងការរួមផ្សំរវាងទឹក និងឧស្ម័នកាបូនិកនៅក្នុងក្លរ៉ូប្លាសរបស់កោសិកា បង្កើតបាន គ្លុយកូស(C₆H₁₂O₆) និងអុកស៊ីសែន(O₂)។

៣.៣-សមីការរស្មីសំយោគ