ជំពូក២
មេរៀនទី២ ប្រូការីយ៉ូតនិងអឺការីយ៉ូត
១-ដូចម្ដេចដែលហៅថា ប្រូការីយ៉ូត? អឺការីយ៉ូត? ចូររកឧទាហរណ៍។
ប្រូការីយ៉ូត ជាសារពាង្គកាយឯកកោសិកាងាយ គ្មានណ្វៃយ៉ូពិតប្រាកដ ហើយគ្មានធាតុកោសិការុំព័ទ្ធដោយភ្នាស។ ឧទាហរ៍ៈ បាក់តេរី។ អឺការីយ៉ូត ជាសារពាង្គកាយដែលដែលកោសិការបស់វាមានណ្វៃយ៉ូពិតប្រាកដនិងមានធាតុកោសិការុំព័ទ្ធដោយភ្នាស។ សារពាង្គកាយអឺការីយ៉ូតមាន ប្រូទីស ផ្សិត រុក្ខជាតិ និងសត្វ។
២-តើប្រូការីយ៉ូតចិញ្ចឹមជីវិតដូចម្ដេចខ្លះ?
ប្រូការីយ៉ូតខ្លះជាស្វ័យជីព អាចផលិតអាហារដោយខ្លួនឯង ខ្លះជាបរជីព ដែលមានរបៀបចិញ្ចឹមជីវិតជាសាប្រូភីត ទទួលបានអាហារពីការបំបែករូបធាតុពុករលួយ និងខ្លះតាមរបៀបជាបរាសិត ពឹងអាហារបានពីធ្មួល។
៣-តើកោសិកាប្រូការីយ៉ូតមានលក្ខណៈពិសេសដូចម្ដេចខ្លះ?
- គ្មានភ្នាសណ្វៃយ៉ូរុំព័ទ្ធសម្ភារៈតំណពូជ
- គ្មានធាតុកោសិការំព័ទ្ធដោយភ្នាសដូចជាវាគ្មានមីតូកុងឌ្រី ក្លរ៉ូប្លាស...
- ធាតុកោសិកាជារីបូសូម
- មានភ្នាសគ្រោង
- មានទំហំតូច(ពី១ទៅ១០មីក្រូម៉ែត្រ)
៤-តើកោសិកាអឺការីយ៉ូតមានលក្ខណៈពិសេសដូចម្ដេចខ្លះ?
- មានណ្វៃយ៉ូពិតប្រាកដគឺមានភ្នាសណ្វៃយ៉ូរុំព័ទ្ធសម្ភារៈតំណពូជ
- មានធាតុកោសិការំព័ទ្ធដោយភ្នាសដូចជាមីតូកុងឌ្រី ក្លរ៉ូប្លាស...
- ធាតុកោសិកាច្រើនក្រៅពីរីបូសូម
- ខ្លះមានភ្នាសគ្រោង ខ្លះគ្មានភ្នាសគ្រោង
- មានទំហំធំ