ជំពូក២

មេរៀនទី១ កោសិកា

១-តើកោសិកាជាអ្វី?
កោសិកាជាឯកតាបង្កគ្រឹះនៃរូបផ្គុំនិងនាទីរបស់សារពាង្គកាយឬភាវរស់។
២-តើកោសិកានីមួយៗមានប៉ុន្មានផ្នែកសំខាន់? អ្វីខ្លះ?
កោសិកានីមួយៗមានបីផ្នែកសំខាន់រួមមាន ភ្នាសស៊ីតូប្លាស ស៊ីតូប្លាស និងសម្ភារៈតំណពូជ។
៣-រាប់ឈ្មោះធាតុកោសិកានិងនាទីរបស់វា។
  • មីតូកុងឌ្រី ជាមជ្ឈមណ្ឌលផលិតថាមពលរបស់កោសិកា
  • ក្លរ៉ូប្លាស ផ្ទុកក្លរ៉ូភីលសម្រាប់ចាប់យកថាមពលពន្លឺព្រះអាទិត្យនិងជាកន្លែងព្រព្រឹត្តទៅនៃរស្មីសំយោគរបស់កោសិការុក្ខជាតិ ប្រូទីសរុក្ខជាតិ ឯសត្វគ្មានក្លរ៉ូប្លាសទេ
  • ណ្វៃយ៉ូ ផ្ទុកសម្ភារៈតំណពូជសម្រាប់ដឹកនាំសកម្មភាពរបស់កោសិកា
  • រីបូសូម កន្លែងសំយោគប្រូតេអ៊ីន
  • វ៉ាគុយអូល ស្តុកអាហារផ្សេងៗ ទឹក អំបិល និងកាកសំណល់មេតាបូលីស
  • រេទីគុយឡូមអង់ដូប្លាស មាននាទីសំយោគ ដឹកនាំ វេចខ្ចប់ និងស្តុកទុក
  • ប្រដាប់កុលស៊ីឬឧបករណ៍កុលស៊ី កន្លែងកែច្នៃនិងវេចខ្ចប់ជាថ្មី
  • លីសូសូម បំបែកធាតុកោសិកាចាស់ៗ និងរូបធាតុផ្សេងៗដែលគ្មានប្រយោជន៍
៤-តើកោសិកាសត្វនិងកោសិការុក្ខជាតិ មានលក្ខណៈដូចគ្នានិងខុសគ្នាដូចម្ដេចខ្លះ? (ឬចូរប្រៀបធៀបកោសិកាសត្វនិងកោសិការុក្ខជាតិ។
+លក្ខណៈដូចៈ ទាំងកោសិកាសត្វនិងកោសិការុក្ខជាតិមាន ភ្នាសស៊ីតូប្លាស ស៊ីតូប្លាស វ៉ាគុយអូល ណ្វៃយ៉ូ មីតូកុងឌ្រី ប្រដាប់កុលស៊ី រេទីគុយឡូមអង់ដូប្លាស រីបូសូម។
+លក្ខណៈខុសគ្នា
កោសិកាសត្វ
  • គ្មានភ្នាសគ្រោង
  • គ្មានក្លរ៉ូប្លាស
  • វ៉ាគុយអូលតូចៗ
  • មាននលីសូមសូម
  • មានរាងប្រែប្រួលទៅតាមប្រភេទនិងនាទី
កោសិការុក្ខជាតិ
  • មានភ្នាសគ្រោង
  • មានក្លរ៉ូប្លាស
  • វ៉ាគុយអូលតែមួយ ធំ
  • គ្មានលីសូមសូម
  • មានរាងពហុកោណ(មានជ្រុងច្រើន)